អបអរសាទរ និងមោទនភាពបំផុត ខេត្តព្រៃវែង ១-០ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត មានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងដែលក្រុមជម្រើសខេត្តព្រៃវែងបានគ្រងតំណែងជើងឯក ដោយបានលើកពានសម្តេចតេជោលើកទី១៤ ឆ្នាំ២០២០-ថ្នាក់ខេត្ត(ខេត្តព្រៃវែង ១-០ ខេត្តត្បូងឃ្មុំ)នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមថ្លែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រឹត្តិការណ៍ប្រកួតពានរង្វាន់ថ្នាក់ខេត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាអោយកាន់តែមានភាពរីកចម្រើន ក៏ដូចជាលើកកម្ពស់ និងផ្តល់ឱកាសបណ្តុះបណ្តាលអប់រំកាយ កីឡាដល់យុវជនលេងកីឡាទទួលបានសុខភាពល្អ។
ក្នុងឪកាសនេះដែរ ឯកឧត្តមក៍សូមថ្លែងអំណរគុណដល់ក្រុមកីឡាករខេត្តព្រៃវែងយើង ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត និងបច្ចេកទេសខ្ពស់ ក្នុងការលេងយ៉ាង ស្វិតស្វាញបើទោះជាភ្លៀងខ្លាំងយ៉ាងណាក៍ដោយ រហូតទទួលបានផ្លែផ្កាជាទីមោទនបំផុត។
ជាថ្មីម្តងទៀត ឯកឧត្តមសូមបន្តគាំទ្រ និងអំពាវនាវដល់ក្រុមកីឡាកររបស់យើង ត្រូវខិតខំប្រឹងប្រែងកសាងសមត្ថភាពជំនាញ ចំណេះដឹង និងបទពិសោធន៍ ក្នុងការលេងកីឡា ប្រកបដោយការគោរពវិន័យ និងបទបញ្ជា សង្ឃឹមថា យើងនឹងមានឪកាសបានចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខនេះ និងសូមជូនពរទាំងអស់គ្នាចៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ៕





















