សង្កាត់សាលាកំរើកសហការជាមួយអង្គការគាំទ្រសាលារៀនជនបទផ្តល់អំណោយជូនគ្រួសារក្រីក្រចំនួន ៣៥០គ្រួសារ
ថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅសាលាបឋមសិក្សាវត្តដំណាក់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប គ្រួសារក្រីក្រចំនួន ៣៥០គ្រួសារបានទទួលអំណោយពីអង្គការគាំទ្រសាលារៀនជនបទក្រោអធិបតីភាពប្រធាន លោកស្រី លឹម ផល្លីកា អភិបាលរងនៃគណៈអភិបាលក្រុងសៀមរាប លោក សាម ឡន ចៅសង្កាត់សាលាកំរើក និងបុគ្គលិក អង្គការគាំទ្រសាលារៀនជនបទ ព្រមទាំងក្រុមការងារ។
នាឱកាសនេះដែរលោក សាម ឡន បានណែនាំដល់ប្រជាពលរដ្ឋត្រូវរក្សាអនាម័យជាប្រចាំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្ដាត់ការផ្ទុះរលកលើកទី២ នៃជំងឺ កូវីដ-១៩ និងត្រូវសំអាតបរិស្ថានជុំវិញខ្លួន ជាពិសេសសំណល់ប្លាស្ទិកដែឡអាចដក់ទឹកបានកើតជាសត្វមូស បណ្ដាលអោយកើតជាជំងឺគ្រុនឈាម និងជំងឺឈីក។
លោកស្រី អភិបាលរងក្រុងក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការគាំទ្រសាលារៀនជនបទដែលបាននាំយកអំណោយទាំងនេះជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាខ្វះខាតក្នុងអំឡុងពេលកូវីដ១៩នេះ។ លោកស្រី ក៏បានបន្ថែមថា អំណោយទាំងនេះពិតជាតិចតួចក្តី តែយើងអាចដោះស្រាយនូវជីវភាពប្រចាំគ្រួសារបានមួយរយៈពរលផងដែរ។
អំណោយដែលត្រូវប្រគល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម មី ១០កញ្ចប់ ទឹកត្រី ០១ដប ទឹកស៊ីអ៉ីវ ១ដប ស្ករស ០,៥គីឡូក្រាម និងអំបិល ០,៥គីឡូក្រាម៕