ផ្ទុះអាវុធបានកើតឡើងនៅក្នុងកន្លែងលេងល្បែងស៊ីសងមួយសង្កាត់ឆង់នុនស៊ី ខណ្ឌយ៉ានណាវ៉ាបណ្តាលឱ្យមានអ្នករងរបួសចំនួន ២នាក់ និងស្លាប់ចំនួន ៤នាក់

បរទេស៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានផ្តល់ដំណឹងថា កាលពីវេលាម៉ោង២២:០០នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះអាវុធបានកើតឡើងនៅក្នុងកន្លែងលេងល្បែងស៊ីសងមួយនៅអាគារលេខ 501/237 ផ្រាក់រ៉ាម3 សយ66 សង្កាត់ឆង់នុនស៊ី ខណ្ឌយ៉ានណាវ៉ា ទីក្រុងបាងកក ។
ក្នុងហេតុការណ៍នោះ បណ្តាលឱ្យមានអ្នករងរបួសចំនួន ២ នាក់ និងស្លាប់ចំនួន 4នាក់ ដែលនៅក្នុងចំណោមអ្នកស្លាប់មានពលរដ្ឋខ្មែរម្នាក់ឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ថានទូតកំពុងធ្វើការជាមួយ :
ក-អាជ្ញាធរថៃ ជាពិសេសជាមួយប៉ូលីសដែលបានបញ្ជាក់ថាគេពុំទាន់អាចផ្ដល់ព័ត៌មានបានទេ រង់ចាំម៉ោង១ រសៀលសិន។ មន្រ្តីស្ថានទូតកំពុងបន្តធ្វើដំណើរទៅកាន់កន្លែងតម្កល់សព ចូលរួមសង្កេតការក្នុងការធ្វើកោសល្យវិច័យរកមូលហេតុនៅពីក្រោយការបាញ់សម្លាប់។
ខ-បានទំនាក់ទំនងជាមួយសាច់ញាតិនៅខ្មែររួចហើយ និងសាច់ញាតិបានស្នើស្ថានទូតជួយសម្របសម្រួល និងចេញឯកសារនាំសពទៅធ្វើបុណ្យតាមប្រពៃណីនៅខ្មែរ៕

