ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំគម្រោងចំណូលរបស់រដ្ឋបាលខេត្តសម្រាប់គ្រប់គ្រងឆ្នាំ២០២១

ខេត្តកំពត៖ រសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំគម្រោងចំណូលរបស់រដ្ឋបាលខេត្តសម្រាប់គ្រប់គ្រងឆ្នាំ២០២១។
សមាសភាពអញ្ជើញចូលរួមមានប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលស្រុកដងទង់ អភិបាលរងស្រុកជុំគីរី នាយកទីចាត់ការហិរញ្ញវត្ថុ ប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីជំនាញចំណុះសាលាខេត្ត។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា មន្ទីរ អង្គភាពជំនាញត្រូវខិតខំ កៀរគរប្រមូលចំណូលចូលរដ្ឋ សម្រាប់ការអភិវឌ្ឍន៍របស់ខេត្ត ហើយមន្ទីរអង្គភាពជំនាញ ត្រូវរៀបចំគម្រោងផែនការចំណូលចំណាយថវិកាឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពត ឲ្យមានភាពច្បាស់លាស់ត្រឹមត្រូវ មានគុណភាព និងប្រសិទ្ធភាព ដោយផ្អែកទៅលើស្ថានភាពជាក់ស្តែង៕




