សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីសំណើសុំកិច្ចសហការផ្តល់សេវាធនាគារសម្រាប់គ្រប់គ្រងប្រតិបត្តិការចំណូលរដ្ឋ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីសំណើសុំកិច្ចសហការផ្តល់សេវាធនាគារ សម្រាប់គ្រប់គ្រងប្រតិបត្តិការចំណូលរដ្ឋ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កន្លងមក ធនាគារឯកជនចំនួន៤ បានស្នើសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីផ្ដល់សេវាធនាគារមួយចំនួន សម្រាប់ប្រតិបត្តិការគ្រប់គ្រងចំណូលរដ្ឋ ហើយសម្រាប់សំណើរសុំកិច្ចសហការនេះ សម្ដេចក៏បានចាត់ចែងឲ្យនាយកដ្ឋានពាក់ព័ន្ធធ្វើការសិក្សា និងរៀបចំក្រុមការងារដើម្បីពិភាក្សាជាមួយធនាគារដៃគូរទាំងនោះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយការណ៍សង្ខេបស្ដីពីសំណើសុំកិច្ចសហប្រតិបត្តិការរបស់ធនាគារឯកជនចំនួន៤ ដែលមានកម្មវត្ថុផ្សេងៗគ្នា។ ក្នុងនោះ ឯកឧត្តមបានលើកឡើងថា អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានសហការជាមួយក្រុមបច្ចេកទេស និងធនាគារដែលបានស្នើនោះដើម្បីសិក្សាលើកិច្ចការងារនេះ និងបានបង្កើតក្រុមការងារក្នុងការអនុវត្តការងារពាក់ព័ន្ធនានា និងចូលរួមកិច្ចប្រជុំជាមួយក្រសួងពាក់ព័ន្ធ និងតំណាងធនាគារ ដើម្បីរកវិធីសាស្ត្រអនុវត្តឲ្យបានសមស្រប។

ក្នុងកិច្ចប្រជុំនោះផងដែរ សម្ដេចក្រឡាហោម ក៏បានណែនាំឲ្យនាយកដ្ឋាន និងស្ថាប័នពាក់ព័ន្ធឲ្យសិក្សាបន្ថែមពីប្រព័ន្ធប្រតិបត្តិការរបស់ធនាគារនីមួយៗឲ្យកាន់តែច្បាស់លាស់ ហើយបន្តស្វែងយល់ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនូវបញ្ហាប្រឈមផ្សេងៗ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង