ច្បាស់ណាស់ ! ថ្នាក់ទី៩និងទី១២ ចូលរៀនវិញ នៅខែកញ្ញា២០២០ ហើយខែធ្នូ នឹងត្រូវប្រឡងបាក់ឌុប
ភ្នំពេញ៖ ក្រសួងអប់រំ ជូនដំណឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យបើកគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងដំណាក់កាលទី២ នៅខែកញ្ញា ឆ្នាំ២០២០នេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ បញ្ជាក់ថា ក្នុងដំណាក់កាលទី២នេះ គឺបើកគ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) តែសម្រាប់តែសិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ ហើយក្នុងមួយថ្នាក់ អនុញ្ញាតឲ្យមានសិស្សតែ១៥នាក់ប៉ុណ្ណោះ ដោយត្រូវគោរពទៅតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក។
ក្រសួងអប់រំ ក៏ជូនព័ត៌មានដែរថា នៅខែធ្នូ ឆ្នាំ២០២០ ក្រសួង នឹងរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងសាលារដ្ឋនិងសាលាឯកជន រដ្ឋមន្ត្រីក្រសួងអប់រំ បានឲ្យដឹងថា ចំពោះសិស្សសាលាឯកជន ដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២០ ត្រូវលើកពេលទៅប្រឡង នៅខែធ្នូ ឆ្នាំ២០២០ ជាមួយសិស្សសាលារដ្ឋវិញ។
ចំពោះសិស្សថ្នាក់ផ្សេងទៀត ក្រៅពីថ្នាក់ទី៩និងថ្នាក់១២ ក្រសួងអប់រំ មិនទាន់អនុញ្ញាត ឲ្យចូលរៀននៅពេលនេះទេ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានប្រាប់ថា នឹងរៀបចំសេចក្តីណែនាំតាមក្រោយ ចំពោះការសិក្សា សម្រាប់សិស្សថ្នាក់ដទៃ នៃគ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ)៕