ទឹកដោះគោខ្មែរចាប់ផ្តើមឈានជើងចូលទីផ្សារក្នុងស្រុក នាសប្តាហ៍នេះដោយក្ដីសង្ឃឹមថា នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ

ខេត្តតាកែវ៖ ដើម្បីបំពេញតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែចាប់អារម្មណ៍ក្នុងការលើកកម្ពស់សុខភាព និងថែទាំរូបសម្រស់ ស្របពេលដែលការជ្រើសរើសប្រើប្រាស់គ្រឿងឧបភោគ បរិភោគប្រកបដោយគុណភាព មានរសជាតិឆ្ងាញ់ និងមិនប៉ះពាល់ដល់សុខភាពនោះ ក្រុមហ៊ុន Khmer Fresh Milk Co.,Ltd របស់កសិដ្ឋានគិរីសួគ៌ ដែលផលិតនូវទឹកដោះគោស្រស់ បានចាប់ផ្តើមឈានជើងចូលមកចែកចាយលក់នៅលើទីផ្សារក្នុងស្រុក នាសប្តាហ៍នេះ ដោយបង្ហាញក្តីសង្ឃឹមថា នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ទឹកដោះគោគិរីសួគ៌ផលិតចេញពីកសិដ្ឋានចិញ្ចឹមគោមួយកន្លែង ស្ថិតនៅក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្បែររមណីយដ្ឋានភ្នំតាម៉ៅ ដោយមានបំពាក់នូវបច្ចេកវិទ្យាទំនើបមកពីប្រទេសអ៊ីស្រាអែល ចាប់ផ្តើមលេចមុខតាមផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ។ ការបោះជំហានក្នុងដំណាក់កាលដំបូងនេះ ត្រូវបានអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុននេះ មើលឃើញពីវិសាលភាពប្រកបដោយសក្កានុពលដើម្បីចាប់យកចំណែកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយបំផុត ខណៈក្រុមហ៊ុនហាងនំមួយចំនួនបានបញ្ជាទិញផលិតផលិតចេញពីទឹកដោះគោនេះទុកជាមុនស្រេចហើយនោះ។ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co.,Ltd និងជាប្រតិបត្តិករ កសិដ្ឋានគិរីសួគ៌ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីចុងសប្តាហ៍កន្លងទៅនេះថា ផលិតផលទឹកគោដែលនឹងចេញលក់នាពេលនេះមានពីរប្រភេទគឺទឹកដោះគោសុទ្ធដែលមានចំណុះ ៨៣០មិល្លីលីត្រ និងចំណុះ ២លីត្រ និងទឹកដោះគោជូរ ឬយ៉ាអួរ ដោយដំណើរការក្នុងខែសីហានេះប្រហែល ២ពាន់លីត្រក្នុងមួយថ្ងៃ ហើយកើនជាបន្តបន្ទាប់ចាប់ពីខែកញ្ញាខាងមុខអាចកើនដល់៤ ឬ ៥ពាន់លីត្រក្នុងមួយថ្ងៃ។ ចំណែកនៅក្នុងខែវិច្ឆិកាខាងមុខ អាចបង្កើនការផលិតរហូតដល់មួយម៉ឺនលីត្រក្នុងមួយថ្ងៃ។ លោកនាយកប្រតិបត្តិ ក្រុមហ៊ុនរូបនេះបានមានប្រសាសន៍ដោយភាពជឿជាក់ថា “ចំពោះការនាំយកទៅទីផ្សារ យើងគិតថា អត់មានបញ្ហាទេ ពីព្រោះបើយើងប្រៀបធៀបទឹកដោះគោនាំចូល ទី១៖ យើងប្រើបច្ចេកទេសទំនើប មិនចាញ់ផលិតកម្មរបស់ប្រទេសផ្សេងៗអាចល្អជាងពីព្រោះយើងប្រើបច្ចេកទេសចុងក្រោយ។ អ៊ីចឹង ធម្មតាយើងប្រើបច្ចេកទេសចុងក្រោយ យើងផលិតក្រោយគេ អាចល្អជាងអាមុនៗ។ ទី២៖ ទឹកដោះគោយើងសុទ្ធហើយស្រស់ យើងទាមទាររយៈពេលតែប៉ុន្មានម៉ោងទេចេញពីគោទៅដល់ទីផ្សារ អត់ដូចទឹកដោះគេផ្សេងៗ ចំណាយពេលយ៉ាងយូរដើម្បីនាំចូលពីប្រទេសផ្សេង ដែលអាចនឹងចំណាយពេលវេលាយូរក្នុងការដឹកជញ្ជូន”។ លោកសង្ឃឹមថា ភាពស្រស់របស់ទឹកដោះគោយើង និងបច្ចេកទេសរបស់យើង ផលិតទឹកដោះគោដែលល្អ ហើយការជ្រើសពូជគោបានល្អ ព្រមទាំងមានអ្នកបច្ចេកទេសដ៏ល្អពីប្រទេសអ៊ីស្រាអែល លើគ្រប់គ្រប់ផ្នែក ទាំងផ្នែកដាំដុះ ផ្នែកចិញ្ចឹមគោ ពេទ្យសត្វ និងខាងសង្វាក់ផលិតកម្មគឺ ជនជាតិអ៊ីស្រាអែលជាអ្នកកាន់ផ្ទាល់។ លោកបានបញ្ជាក់ថា “ពួកគាត់បង្រៀនប្រជាជនយើងឱ្យធ្វើ អ៊ីចឹងសង្ឃឹមថា ផលិតផលយើងនឹងទទួលស្គាល់ ហើយសង្ឃឹមថា ខ្មែរនឹងជួយខ្មែរក្នុងការជំរុញផលិតផលរបស់យើងឱ្យបានល្អប្រសើរ”។ ដោយឈរចង្អុលបង្ហាញក្រោលគោទាំង៧ នៅលើផ្ទៃដីធំល្វឹង​ល្វើយ ៣០០ហិកតា ដែលមានកន្លែងដាក់គោសម្រាប់យកទឹកដោះ កន្លែងដាក់គោស្ទាវ កន្លែងដាក់កូនគោទើបនឹងកើតកន្លែងពិសោធន៍ កន្លែងបំពាក់សម្ភារៈតេស្តទឹកដោះគោ ផលិតទឹកដោះគោ និងវាលដាំស្មៅសម្រាប់ជាចំណីគោនោះ លោក ឈរ រិទ្ធី បានឱ្យដឹងថា គោនឹងផ្តល់ទឹកដោះកាន់តែច្រើនពីមួយខែទៅមួយខែដោយសារគោមានចំនួន ៥៥០ក្បាល ដែលបានដឹកយកមកពីប្រទេសអូស្ត្រាលី កាលពីដើមឆ្នាំ២០២០ ក្នុងនោះគោខ្លះកើតកូនហើយ គោខ្លះនៅ ខ្លះមានផ្ទៃពោះបីខែ ខ្លះមានបីខែ បួនខែ និងមានផ្ទៃពោះកើតកូនជាបន្តបន្ទាប់គ្នា។ ឆ្លើយនឹងសំណួរថា តើក្រុមហ៊ុនទឹកដោះគោទើបបើកថ្មីសំឡឹងឃើញចំណែកទីផ្សារបែបណានៅក្នុងប្រទេសកម្ពុជាកម្ពុជា លោក ឈរ រិទ្ធី ឆ្លើយដោយមិនបង្អង់ថា “យើងព្យាយាមធ្វើនៅក្នុងស្រុកយើងសិន ដូចខ្ញុំប្រាប់អ៊ីចឹង ផលិត១ម៉ឺនលីត្របាន២០ភាគរយនៃទីផ្សារប៉ុណ្ណោះ អ៊ីចឹងសល់៨០ភាគរយទៀតដែលយើងត្រូវបំពេញបន្ថែមនៅសល់ច្រើនណាស់”។ ដោយឡែកការដោះស្រាយនឹងពាក្យលើកឡើងមួយចំនួនដែលថា ទំនិញផលិតនៅកម្ពុជាមិនសូវទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់នោះ ក្រុមហ៊ុន Khmer Fresh Milk Co.,Ltd ប្តេជ្ញាប្រើយុទ្ធសាស្ត្រផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋដោយធ្វើកន្លែង ដើម្បីឱ្យពួកគាត់អាចទៅពិនិត្យមើលពីសង្វាក់ផលិតកម្មរបៀបនៃការផលិតទឹកដោះផ្ទាល់តែម្តង។លោកបានកត់សម្គាល់ឃើញថា នេះជាមោទនភាពមួយដ៏ធំធេងដែលក្រុមស្ថាបនិកនៃក្រុមហ៊ុន Khmer Fresh Milk Co.,Ltd ក្នុងនាមជាកូនខ្មែរមានសមត្ថភាពដឹកនាំបង្កើតរោងចក្រខ្លួនឯងចំពេលដែលនិន្នាការនៃការងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែកើនឡើងនាពេលបច្ចុប្បន្ន។ កន្លងមក ក្រុមហ៊ុន Khmer Fresh Milk Co.,Ltd ក៏ធ្លាប់ស្ទង់ស្ទាបពីចំណូលចិត្តរបស់ពលរដ្ឋតាមរយៈការបង្ហោះផលិតផលទឹកដោះគោនេះ តាម facebook ឬតាម Media មួយចំនួន សន្ទុះនៃការគាំទ្រផលិតក្នុងស្រុករបស់យើងមានច្រើនហើយក៏មានអ្នកសួររកទិញច្រើនដែរ។ កំពុងតែភ្លក់រសជាតិទឹកដោះគោជូរបណ្តើរនិយាយជាមួយក្រុមការងារ AKP បណ្តើរ លោក ឈរ រិទ្ធី និយាយដោយភាពម៉ឺងម៉ាត់ថា “ជាកូនខ្មែរម្នាក់ដែរយើងមានមោទនភាពដែលយើងអាចធ្វើបាននូវកសិដ្ឋានដ៏ធំ ហើយទំនើបមួយនេះ ហើយជាពិសេសសូមអរគុណចំពោះរាជរដ្ឋាភិបាល​ដែលបានជួយជ្រោមជ្រែងការងាររបស់ពួកយើងខ្ញុំក្នុងការសម្រួលដូចជា ការនាំគោចូល ហើយមួយរយៈនេះដោយសារមានជំងឺកូវីដ-១៩ យើងអរគុណដល់ រាជរដ្ឋាភិបាលដែលបានជួយសម្រួលវីសាឱ្យក្រុមបច្ចេកទេស​អាចចូលមកក្នុងប្រទេសកម្ពុជា ដើម្បីដំឡើងម៉ាស៊ីនទាន់ពេលវេលា យើងសង្ឃឹមថា អតិថិជនទាំងអស់ដែលជាខ្មែរដូចគ្នា នឹងជួយគាំទ្រផលិតផលក្នុងស្រុក នឹងមានឱកាសភ្លក់នូវរសជាតិ និងផ្តល់នូវស្នាមញញឹមដល់ទឹកដោះគោរបស់ខ្មែរយើង”៕ by AKP

អត្ថបទដែលជាប់ទាក់ទង