សម្តេចតេជោ ចែករំលែកវិធានការទប់ស្កាត់កូវីដ-១៩ ក្នុងមហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ នសែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បាន ចែករំលែក នូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល ដើម្បីការពារការរីករាលដាល ចូលក្នុងសហគមន៍ ។
ថ្លែងក្នុងមហាសន្និបាតនៃក្តីសង្ឃឹម កាលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ក្រោមប្រធានបទ “ ការកសាង និងបង្កើតជាតិយើងនៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល ” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រធានបទនៃវេទិការនេះ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ណាស់នៅពេលដែលប្រជាជាតិទាំងអស់ ក្នុងពិភពលោកបច្ចុប្បន្នកំពុងតែប្រឹងប្រែងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ សម្តេចបញ្ជាក់ថា មកដល់បច្ចុប្បន្ន គ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ-១៩ នេះនឹងបញ្ចប់នោះឡើយ ហើយក៏គ្មានអ្នកណាអាចទស្សន៍ទាយអំពីផលប៉ះពាល់នៃជំងឺនេះ មកលើគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ ទាំងសេដ្ឋកិច្ច នយោបាយ និងរបៀបរបបសង្គមបានជាក់ច្បាស់នោះដែរ ។
សម្តេចបានអះអាងថា សម្រាប់កម្ពុជា យើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺកូវីដ-១៩ មិនមានភាពធ្ងន់ធ្ងរទេ ដោយសារមិនមានការឆ្លងនៅក្នុងប្រទេស មានតែករណីនាំចូលមកពីខាងក្រៅ ។ កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត និងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដោយបានចែកជាបីសមរភូមិ ៖
(ទី១)-ការទប់ស្កាត់មិនឱ្យមានការបន្តនាំជំងឺចូលមកកម្ពុជា
(ទី២)-ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង
(ទី៣)-ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ ។
យ៉ាងណាមិញនៅក្នុងបរិការណ៍នៃសកលភាវូបនីយកម្មនិងសមាហរណកម្មតំបន់ សម្តេចតេជោយល់ថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ ក៏ដូចជាការស្តាឡើងវិញនូវសង្គម-សេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺនេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ កិច្ចការនេះទាមទារនូវការសហប្រតិបត្តិការជាអន្តរជាតិ លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ ដើម្បីសុវត្ថិភាពសុខភាពសាធារណៈ និងកិច្ចដំណើរការនៃច្រវាក់ផ្គត់ផ្គង់សកលជាដើម ៕