ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងបឋមផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍

ខេត្តមណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ដោយធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តនេះ អាចទាក់ទាញបានភ្ញៀវទេសចរកាន់តែច្រើនជាងមុនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម និងបង្កើតការងារផងដែរ។
សិក្ខាសាលានេះបានធ្វើឡើងនៅភោជនីយដ្ឋាន ពេជ្រដា ក្រុងសែនមនោរម្យ ដោយមានការចូលរួមពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អនុប្រធាន និងសមាជិកគណកម្មការអន្តរក្រសួង អភិបាលក្រុង អភិបាលស្រុក ចៅសង្កាត់ មេឃុំ អង្គភាពជំនាញ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ដំណាងស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញក្នុងអង្គសិក្ខាសាលានេះបានយកចិត្តទុកដាក់ផ្តល់យោបល់ទៅលើចំណុចសំខាន់ៗដូចជា៖ ការកំណត់ចក្ខុវិស័យអភិវឌ្ឍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី, ការកំណត់តំបន់អាទិភាព (Zoning) សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ការកំណត់ទិសដៅយុទ្ធសាស្ត្រ អាទិភាពសំខាន់ៗ និងការកំណត់យន្តការស្ថាប័នអនុវត្តផែនការមេ។ល។
ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋមន្តី្រ ថោង ខុន ក៏បានផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី រួមមាន៖
* ទី១.ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវតែគោរពទៅតាមអភិក្រមនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ «ការអភិវឌ្ឍបម្រើការអភិរក្ស និងការអភិរក្សទ្រទ្រង់ដល់ការអភិវឌ្ឍ» ដើម្បីបានជាប្រយោជន៍សេដ្ឋកិច្ចសង្គម និងប្រជាពលរដ្ឋមូលដ្ឋានរួមចំណែកដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ ពិសេសរក្សាបាននូវអត្តសញ្ញាណដើមរបស់ខេត្តមណ្ឌលគិរី។
* ទី២.ការអភិវឌ្ឍត្រូវតែឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិ ឆ្នាំ២០២០-២០៣៥ និងបណ្តាឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
* ទី៣.កំណត់វិសាលភាពនៃសកម្មភាពវិនិយោគ-អភិវឌ្ឍនៅតំបន់ដែនជម្រកសត្វព្រៃទាំង៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) និងរបៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដោយលើកទឹកចិត្តឲ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិចពិសេស គប្បីជំរុញលើកទឹកចិត្ត ពង្រឹងវិស័យសហគមន៍ ទេសចរណ៍ឱ្យបានល្អ និងមានប្រសិទ្ធភាព។
* ទី៤.អាជ្ញាធរខេត្តគ្រប់សមត្ថកិច្ចគ្រប់កម្រិត និងជំនាញ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់ជាដាច់ខាតតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ដីព្រៃជាកម្មសិទ្ធិឯកជន។
* ទី៥.ធ្វើការការចុះបញ្ជីរមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តឱ្យបានរួសរាន់ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ និងអភិវឌ្ឍតំបន់ទាំងអស់នេះ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញនិងក្រើនរំលឹក ដល់រដ្ឋបាលខេត្តត្រូវបន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានម៉ឺងម៉ាត់ ពិសេសក្នុងខណៈដែលទេសចរក្នុងស្រុកកំពុងតែមានការរីកចំរើន ហើយខាងមុខនេះនៅពេលដែលឈប់សម្រាករយៈពេលវែងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត និងផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព និងអនាម័យ ៕









