ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាតាមអនឡាញ ស្ដីពីការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥

ភ្នំពេញ៖ ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាស្ដីពីការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ (Regional Workshop on the Mid-Term Review (MTR) of the Master Plan on ASEAN Connectivity (MPAC) 2025) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ។
សិក្ខាសាលានេះមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដែលត្រូវអនុវត្តផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ ដើម្បីចែករំលែកលទ្ធផលបណ្ដោះអាសន្នស្តីការស្រាវជ្រាវអំឡុងពេលពាក់កណ្ដាលអាណត្តិ និងដើម្បីប្រមូលមតិយោបល់ និងអនុសាសន៍លើកដំបូងរបស់ខ្លួនក្នុងការពង្រឹងការអនុវត្តផែនការមេនេះ។
សិក្ខាសាលានេះ ក៏មានគោលបំណងផ្តល់ឱកាសដល់គណៈកម្មការសម្របសម្រួលការតភ្ជាប់អាស៊ាន (Asean Connectivity Coordinating Committee) ចូលរួមជាមួយស្ថាប័នដឹកនាំការអនុវត្តផែនការមេ តភ្ជាប់អាស៊ាន ស្ថាប័នតាមវិស័យរបស់អាស៊ាន ដែលពាក់ព័ន្ធ អ្នកសម្របសម្រួលថ្នាក់ជាតិ និងជនបង្គោលថ្នាក់ជាតិ ក៏ដូចជាដៃគូសន្ននា និងដៃគូសន្ននាខាងក្រៅផ្សេងៗទៀត មុនកិច្ចប្រជុំគណៈកម្មការ សម្របសម្រួលការតភ្ជាប់អាស៊ាន និងកិច្ចប្រជុំផ្សេងៗទៀតដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហា ឆ្នាំ ២០២០នេះ។
សូមជម្រាបជូនថា៖ ការតភ្ជាប់អាស៊ានសំដៅដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័នរូបវន្ត (Physical Connectivity) ការតភ្ជាប់ស្ថាប័ននឹងស្ថាប័ន (Institutional Connectivity) និងការតភ្ជាប់ប្រជាជនននិងប្រជាជន(People-To-People Connectivity) ក្រោមចក្ខុវិស័យសម្រេចឱ្យបាននូវការតភ្ជាប់អាស៊ានដោយរលូន និងពេញលេញ និងសមាហរណកម្មអាស៊ានសំដៅលើកកម្ពស់ការប្រកួតប្រជែង និងការយល់ ដឹងអំពីសហគមន៍អាស៊ានកាន់តែច្បាស់ និងលើកកម្ពស់សន្តិសុខនយោបាយក្នុងតំបន់ សេដ្ឋកិច្ច និងសង្គមវប្បធម៌របស់រដ្ឋសមាជិកផងដែរ៕









