អភិបាលខេត្តកំពត ជំរុញដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ត្រូវឆ្លើយតបជាបន្ទាន់ នៅពេលទទួលបានសំណូមពរពីប្រជាពលរដ្ឋ

ខេត្តកំពត៖ លោកអភិបាលខេត្តបានជំរុញដល់អាជ្ញាធរ មន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធ ឱ្យដោះ ស្រាយ និងឆ្លើយតបជាបន្ទាន់ នៅពេលទទួលបានសំណូមពរផ្សេងៗពីប្រជាពលរដ្ឋ ពិសេស បញ្ហាទាក់ទងនឹងផ្លូវ ឬស្ពាន ដែលប្រជាពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់ ដើម្បីទៅប្រកបមុខ របរទទួលទាននោះ។

ការជំរុញបែបនេះ ខណៈឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ក្នុងឱកាសនៃដំណើរចុះសួរសុខទុក្ខ និងឈ្វេងយល់ បញ្ហាសំណូមពរ បញ្ហាប្រឈម បញ្ហាកង្វល់របស់ប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងសង្កែ និងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីជំរុញដល់ការដោះស្រាយបញ្ហា សំណូមពរមួយចំនួន ទាក់ទងផ្លូវថ្នល់ និងស្ពាន ពិបាកធ្វើដំណើរឆ្លងកាត់ពិសេសក្នុងរដូវវស្សា ភ្លៀងធ្លាក់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបន្តបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺសម្ដេចតេជោតែងតែ ក្រើនរម្លឹកដល់មន្ត្រី គ្រប់លំដាប់ថ្នាក់ឱ្យមានការយកចិត្តទុកដាក់រួមសុខរួមទុក្ខ ដោះស្រាយ រាល់បញ្ហា សំណូមពរ ក្តីកង្វល់ ការលំបាកជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។ ជាងនេះទៅទៀត ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្លល់ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាការងារអាទិភាពមួយ ហើយជានិច្ចកាលសម្តេចតែងតែបានលើកឡើងថា “ មានផ្លូវ គឺមានសង្ឃឹម ” ។ យ៉ាងណា មិញ សម្រាប់ខេត្តកំពត ក៏ដូចគ្នាដែរ រាល់បញ្ហា និងសំណូមពរអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ត្រូវតែប្រញាប់ដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋជាបន្ទាន់ ពិសេសបញ្ហាទាក់ ទងផ្លូវថ្នល់ និងស្ពាន សម្រាប់ធ្វើដំណើរទៅមកប្រចាំថ្ងៃ ។ ឯកឧត្តមអភិបាលក៏បានបញ្ជាក់ទៀតថា រាល់ការដោះស្រាយបញ្ហាផ្សេងៗ មិនមានបញ្ហាអ្វី ជាឧបសគ្គដែលដោះស្រាយមិនបាននោះឡើយ ឱ្យតែមានឆន្ទៈ និងកិច្ចសហការ សាមគ្គីគ្នាល្អ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដូច្នេះការដោះស្រាយ បញ្ហាទាំងឡាយណាដែលកើតនៅក្នុងមូលដ្ឋាននីមួយៗ គឺត្រូវទាមទារឱ្យមានការយក ចិត្តទុកដាក់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម គឺដំណោះស្រាយ ត្រូវតែអាចកើតចេញបានជាលទ្ធផលពុំខានឡើយ។

ជាមួយគ្នានោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានដោះស្រាយ និងឆ្លើយតបសំណូមពរប្រជាពលរដ្ឋទាំងពីរឃុំ ចំនួន៤ចំណុចគឺ៖ ទី១-អាជ្ញាធរ មន្ត្រីជំនាញ និងពាក់ព័ន្ធ ត្រូវបានដាក់លូដោះទឹកដើម្បីឱ្យប្រជាពលរដ្ឋអាចឆ្លងកាត់បានខណៈដែលស្ពាន នៅលើផ្លូវលេខ១៣៩ ដែលកំពុងសាងសង់នៅមុខសាលាឃុំត្រពាំងព្រីងជាបណ្ដោះអាសន្ន។ ទី២-អាជ្ញាធរឃុំត្រូវជំរុញការសាងសង់ផ្លូវ១ខ្សែ ប្រវែង ១០០០ម៉ែត្រក្នុងភូមិអង្គ ឃុំត្រពាំងព្រីងឱ្យបានឆាប់រហ័ស ដោយប្រើប្រាស់ថវិកាមូលនិធិប្រចាំឆ្នាំរបស់ឃុំ។ ទី៣- បានសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋដើម្បីពង្រីកការសាងសង់ផ្លូវបេតុងប្រវែងជិត៣០០ម៉ែត្រ ទទឹង២ម៉ែត្រ ចូលផ្ទះពលរដ្ឋប្រមាណចំនួន២០គ្រួសារតាមការស្នើសុំ និង ទី៤-ដោះស្រាយឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋ ដើម្បីពង្រីក និងចាក់ក្រួសក្រហម លើផ្លូវចូលផ្ទះរបស់ពួកគាត់ ក្រោមការឧបត្ថម្ភថវិការបស់ឯកឧត្តមអភិបាលខេត្ត៕ by AKP

អត្ថបទដែលជាប់ទាក់ទង