ក្រសួងអប់រំ យុវជន និងកីឡាជួបប្រជុំពិភាក្សាជាមួយសមាគមគ្រឹះស្ថានឧត្ដមសិក្សា ស្ដីពី ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០

រាជធានីភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំជាមួយសមាគមគ្រឹះស្ថានឧត្ដមសិក្សា ក្រោមអធិបតីភាព ឯកឧត្តម ហេង វ៉ាន់ដា ប្រធានសមាគម ស្ដីពី ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០សម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន ដោយបានកិច្ចពិភាក្សាលើបញ្ហាសំខាន់ៗរួមមាន៖ការកំណត់កាលបរិច្ឆេទប្រឡងការរៀបចំគ្រប់ទិដ្ឋភាពសម្រាប់ដំណើរការប្រឡងចាប់ពីដំណើរការសំណេររហូតដល់ការប្រកាសលទ្ធផល។

ក្នុងឱកាសនេះឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានលើកឡើងថា ទោះជាការប្រឡងត្រូវបានរៀបចំនៅពេលណាក៏ដោយត្រូវគោរពគោលការណ៍០៤ដដែល ៖ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ក្រោយពីបានពិភាក្សាគ្រប់ជ្រុងជ្រោយប្រកបដោយការយោគយល់ដោយតម្កល់ផលប្រយោជន៍សិស្សានុសិស្សជាធំរួចមកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលជាតំណាងគ្រឹះស្ថានសិក្សាឯកជនបានស្ម័គ្រចិត្តពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រឡងថ្នាក់ជាតិនៃគ្រឹះស្ថានសាធារណៈដែលនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដែលទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
