ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាឱ្យ ឯកឧត្តម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូបេស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រ ខាងកើតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួសម និងពិភាក្សាការងារ

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាឱ្យ ឯកឧត្តម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូបេស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រ ខាងកើតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាស្វែងយល់ពីសមិទ្ធផល និងការអភិវឌ្ឍខេត្តស្វាយរៀង ក៏ដូចជាការដកស្រង់បទពិសោធន៍ល្អៗ ពីរដ្ឋបាលខេត្តយកទៅអភិវឌ្ឍ នៅតំបន់ព្រំដែននៃប្រទេសទីម័រ។

មានប្រសាន៍ទៅកាន់ ឯកឧត្តម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូបេស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រ ខាងកើត ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និង កសិកម្មជាដើម ជាពិសេសការផ្តល់ការងារ ធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងមកពីតាមបណ្តាខេត្តជាង៨ម៉ឺននាក់។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រ ខាងកើត ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ និងរីករាយក្នុងការផ្តល់ មតិបទពិសោធន៍ដើម្បីជម្រុញ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនខេត្តស្វាយរៀង ក៏ដូចជាតំបន់ព្រំដែននៃប្រទេសទីម័រ។

សូមជម្រាបជូនថា ជំនួបនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់រដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕


