ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំឲ្យបំបាត់ជម្រកមូសខ្លា

ខេត្តសៀមរាប៖ នារសៀលថ្ងៃចន្ទ ៦រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងមួយកន្លែងក្នុងក្រុងសៀមរាប ដើម្បីធ្វើការបាញ់ថ្នាំ និងបំផ្លាញជម្រកមូសខ្លា បន្ទាប់មានការរីករាលដាលនូវជម្ងឺគ្រុនឈីក និងគ្រុនឈាម ដែលអាចឆ្លងតាមរយៈនៃមូសខ្លាញីខាំ។ ក្នុងការចុះពិនិត្យនេះដែរ ក៏មានការចូលរួមពីស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាល និងមន្ទីរ-អង្គភាព ពាក់ព័ន្ធមួយចំនួនផងដែរ ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញទាំងអស់ចុះបាញ់ថ្នាំមូសតាមកន្លែងសំខាន់ ព្រមទាំងចែកថ្នាំអាល់បែត និងផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្ទុះឡើងវិញនូវជម្ងឺគ្រុនឈីក និងគ្រុនឈាមនេះ ដោយត្រូវចូលរួមសហការអនុវត្តនូវវិធានការបំបាត់ជម្រកមូសខ្លា សម្អាត អនាម័យបិរស្ថានតាមផ្ទះ គេងក្នុងមុង និង បើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅទទួលយកសេវាពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតខ្លួនបំផុត។

ក្នុងនោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយអនុវត្ត សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការពង្រឹងការអនុវត្តវិធានការការពារតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាលត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក៕







