កម្មករ កម្មការិនី២៩នាក់ បានរងរបួសនឹងស្លាប់ ក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់មានស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សបុ្រសស្រី២៩នាក់ផ្សេងទៀត ភាគច្រើនជាកម្មករ កម្មការិនីរោងចក្របានរងរបួសធ្ងន់និងស្រាលក្នុងឧបទ្ទវហេតុរថយន្តម៉ាក FUSO ពណ៌ ត្រួយចេក ពាក់ស្លាកលេខព្រះសីហនុ3A-7073 របស់ក្រុមហ៊ុនSP ដាច់ហ្វ្រ័ងជ្រុលទៅបុករថយន្តដឹកកម្មករចំនួន៣គ្រឿងនៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១១.២១២ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៧កន្លះយប់ថ្ងៃ១១សីហា ឆ្នាំ២០២០នេះ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត១គ្រឿងម៉ាក FUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខព្រះសីហនុ3A-7073ជារបស់ក្រុមហ៊ុន SP។ អ្នកបើកបរឈ្មោះ កែវ សៅភី ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបើកពីទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ពេលមកដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោតរថយន្តនេះដាច់ហ្រ្វ័ងក៏ជ្រុលទៅបុករថយន្តចំនួន៣គ្រឿងដែលបើកក្នុងទិសដៅស្របគ្នា ៖
១-រថយន្តម៉ាក Ssangyong ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2W-9934 ដឹកកម្មករ ។
២-រថយន្តម៉ាក Ssangyong ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z-4198 ដឹកកម្មករ ។
៣-រថយន្តម៉ាក LEXUS RX330 ពណ៌ ប្រផេះ ពាក់ស្លាកលេខព្រះសីហនុ2B-6918 ។
លោកស្នងការបានបញ្ជាក់ថា ក្រោយកើតហេតុមួយសន្ទុះក៏មានរថយន្តដឹកកុងតឺន័រ១គ្រឿងម៉ាក international ពណ៌ប្រាក់ ពាក់ស្លាកលេខភ្នំពេញ3D-6269 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានគេចរថយន្តម៉ាកLEXUS RX330 (ដែលជួបគ្រោះថ្នាក់ករណីទី១កណ្តាលផ្លូវ) ក៏ជ្រុលចង្កូតមកខាងឆ្វេងដៃបុករះម៉ូតូចំនួន ៤គ្រឿងដែលឈប់ចតមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើកទី១ មានដូចខាងក្រោម៖
១-ម៉ូតូម៉ាក WAVE ពណ៌ខ្មៅ បាក់ស្លាកលេខ ភ្នំពេញ1U-6013 ។
២-ម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DE-2951 ។
៣-ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ។
៤-ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ។
តុល្យការគ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្សចំនួន ១នាក់ និងរងរបួសមនុស្សចំនួន ២៩នាក់ស្រី ២២នាក់ (ធ្ងន់ចំនួន៨នាក់ ស្រី៦នាក់) ចំណែកអ្នកបើកបររថយន្តម៉ាក FUSO ពណ៌ត្រួយចេក ពាក់ស្លាកខេត្តព្រះសីហនុ 3A-7073 ក្រុមហ៊ុន SP ឈ្មោះ កែវ សៅភី បាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។
រីឯវត្ថុតាង រថយន្តចំនួន ៥គ្រឿង ខូចខាតធ្ងន់ និងម៉ូតូចំនួន ៤គ្រឿង ខូចខាតធ្ងន់ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕