Detail Top Banner

កសិករក្នុងខេត្តសៀមរាប នាំគ្នាចាប់យករបរចិញ្ចឹមត្រីលក់ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ពិសេសការធានាបានសន្តិសុខស្បៀងសម្រាប់ការហូបចុកប្រចាំថ្ងៃ

ខេត្តសៀមរាប៖ ស្របពេលដែលពិភពលោក និងប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល នៃផលប៉ះពាល់ពីជំងឺកូវីដ១៩ កសិករក្នុងខេត្តសៀមរាប នាំគ្នាចាប់យករបរចិញ្ចឹមត្រីលក់ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ពិសេសការធានាបានសន្តិសុខស្បៀងសម្រាប់ការហូបចុកប្រចាំថ្ងៃ។
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការចុះអប់រំ ផ្សព្វផ្សាយដល់កសិករឲ្យចាប់យកមុខរបរចិញ្ចឹមត្រី ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ខេត្តសៀមរាបបានឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គមហេ្វកបុករបស់មន្ទីរកសិកម្មខេត្តសៀមរាបថា កន្លងទៅក៏ដូចជាបច្ចុប្បន្ននេះ មន្ទីរបានជំរុញកសិករឲ្យខិតខំបង្កើនការចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ផលនេសាទ សម្រាប់ធានាការហូបចុកក្នុងស្រុក និងរក្សាឲ្យបាននូវស្ថេរភាពតម្លៃទីផ្សារ។
លោកបញ្ជាក់ថា ការអនុវត្តដូច្នេះគឺតាមសារាចណែនាំរបស់ក្រសួងកសិកម្ម​រុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការបង្កើនយុទ្ធនាការ ជំរុញផលិតកម្មកសិកម្មដោយបំផុសឲ្យប្រជាកសិករនៅតាមមូលដ្ឋាន ដែលមានសក្តានុពលផលិតកម្មកសិកម្ម ឲ្យធ្វើការដាំដុះដំណាំស្បៀង ការចិញ្ចឹមសត្វ និងវារីវប្បកម្មសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
លោក ឈាវ ហុង កសិកររស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបង្ហាញថា ការបំផុសឲ្យកសិករចិញ្ចឹមត្រីនាពេលនេះមានសារៈសំខាន់ណាស់ដែលធានាឲ្យពួកគាត់រក្សាបានសន្តិសុខស្បៀង បំពេញតម្រូវការហូបចុកប្រចាំថ្ងៃ។
ចំពោះរូបលោកវិញ បានចាប់ផ្តើមមុខរបរចិញ្ចឹត្រីលក់នេះ អស់រយៈពេលប្រមាណជិត១០ឆ្នាំមកហើយ ដោយភាគច្រើនលោកតែងតែចិញ្ចឹមត្រីប្រា ត្រីពោ និងត្រីអណ្តែង ព្រោះប្រភេទត្រីទាំងនេះងាយស្រួលក្នុងការចិញ្ចឹម និងឲ្យចំណីស៊ី។
លោកបន្តថា ការចិញ្ចឹមត្រីត្រូវប្រើរយៈពេលជិត១ឆ្នាំទើបអាចលក់បានដើម្បីឲ្យសាច់ត្រីរឹងល្អ និងមានតម្លៃខ្ពស់នៅលើទីផ្សារ ចំពោះចំណីត្រីវិញ គឺត្រូវទិញគេ តែក្នុងខែដំបូងប៉ុណ្ណោះ បន្ទាប់មកត្រូវផលិតចំណីដោយខ្លួនឯង ទើបមិនចំណាយថវិកាច្រើន។
ត្រីមានបីប្រភេទ មានត្រីប្រា ត្រីពោ ត្រីអណ្តែង ទិញកូនពីគេ កូនត្រីប្រាតម្លៃ ​១កូន ១២០៛ ស្រះមួយអាចដាក់២ម៉ឺនក្បាល ត្រីពោធិ៍ ១ក្បាល ២០០៛ បើចិញ្ចឹមយកមួយឆ្នាំចាប់ដាក់ពីខែ៨ ខែ៩ ចឹងដល់ខែ៦ ខែ៧បានចាប់លក់ យើងអាចដាក់តម្រូវឲ្យត្រូវបិទឡូត៍នេសាទ ពេលនោះត្រីមានតម្លៃល្អ ហើយសាច់ត្រីក៏រឹងល្អ អត់ខ្លាញ់ អត់ភ្លាវ ចំណីពីតូចយើងប្រើចំណីផ្សារ ចាប់ពីមួយខែឡើងទៅ យើងប្រើចំណីខ្លួនឯង មានកន្ទក់ កាកសំណល់បន្លែ កាកត្រីកូនឲ្យវាស៊ី ត្រីប្រាឆ្នាំនេះបោះឲ្យម៉ូយបាន ១គីឡូក្រាម ៤៥០០៛ ត្រីអណ្តែងបាន ៥៦០០៛ ត្រីពោធិ៍បាន ៦០០០៛។
លោក ឈាវ ហុង បានឲ្យដឹងទៀតថា លោកតែងតែជ្រើសរើសការចាប់ផ្តើមចិញ្ចឹមត្រីនៅអំឡុងខែសីហា និងខែកញ្ញា ព្រោះថានឹងត្រូវលក់ចេញក្នុងអំឡុងខែមិថុនា ​និងខែកក្កដានៃឆ្នាំបន្ទាប់ ព្រោះខែនោះជាខែបិទនេសាទ ដូច្នេះត្រីបានថ្លៃគួរសម។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២០នេះ ការចិញ្ចឹមត្រីក្នុងខេត្តទទួលបានទិន្នផលសរុបចំនួន ៧៣៧៤តោន ក្នុងនោះការចិញ្ចឹមត្រីក្នុងបែ ចំនួន ៤១៧០តោន ចិញ្ចឹមត្រីក្នុងស្រះជាលក្ខណៈគ្រួសារចំនួន ៣២០៤តោន៕
អត្ថបទដែលជាប់ទាក់ទង