រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីព័ត៌មានទូទាំងប្រទេស ចេះធ្វើការរួមគ្នាក្នុងការផលិតព័ត៌មាន
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញឱ្យមន្ត្រីព័ត៌មានថ្នាក់ក្រសួងនិងមន្ត្រីនៅតាមមន្ទីរទូទាំងប្រទេសចេះធ្វើការរួមគ្នាក្នុងការផលិតព័ត៌មានដើម្បីពង្រឹងការងារផ្នែកព័ត៌មាននេះឱ្យមានភាពរលូននិងងាយស្រួលក្នុងការផលិតកាន់តែបានល្អ។
ថ្លែងក្នុងពិធីបិទវគ្គសិក្សាបច្ចេកទេសទូរទស្សន៍ ផ្សាយផ្ទាល់តាមប្រព័ន្ធ Digital Smart Phone កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២០ ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការងារព័ត៌មានជាការងារមួយប្រយុទ្ធ ទាមទារការប្រឹងប្រែង មានគំនិតច្នៃប្រឌិតណាស់ និងសហការគ្នាទើបអាចធ្វើព័ត៌មានបានល្អ។ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងថា«យើងទាំងអស់គ្នាជាគ្រួសារតែមួយសហការគ្នាធ្វើព័ត៌មានសហការគ្នា ទាក់ទងគ្នា ដកស្រង់ពីគ្នាទៅវិញទៅមកពីខេត្តមួយទៅខេត្តមួយដើម្បីយើងអាចផ្លាស់ប្តូរមតិគ្នាបាន ផ្លាស់ប្តូរចំណេះដឹងគ្នាបាន ផ្លាស់ប្តូរព័ត៌មានជាមួយគ្នាបាននេះជាការសំខាន់ ពីព្រោះឥឡូវនេះយើងមិនអាចធ្វើការមួយដាច់ដោយឡែកបានទេ ការងារព័ត៌មានជាការងារសមូហភាព គ្មាននរណាម្នាក់ធ្វើម្នាក់ឯងបានទេ ព្រោះជាការងារច្រើនតឹងតែង ហត់នឿយ អ៊ីចឹងត្រូវការជួយរួមគំនិតទាំងអស់គ្នា»។
ទន្ទឹមនឹងការជំរុញនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានដាស់តឿនមន្ត្រីទាំងអស់ត្រូវស្វែងយល់ពី បច្ចេកវិទ្យាទំនើបឱ្យបានច្រើន ប្រយោជន៍ដល់ការផ្សាយផ្ទាល់ ការប្រើប្រាស់រូបភាព សម្លេង ឱ្យបានល្អ ដើម្បីអន្ទងចិត្តអ្នកទស្សនា អ្នកស្តាប់ឱ្យចាប់អារម្មណ៍លើការផ្សាយរបស់យើង។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យមន្ត្រីព័ត៌មានតាមខេត្តនីមួយៗផលិតព័ត៌មានពីសក្តានុពលក្នុងខេត្តរបស់ខ្លួនដើម្បីផ្សាយជូនប្រជាពលរដ្ឋបានដឹងបានឮ ជាពិសេសតំបន់ទេសចរណ៍ក្នុងខេត្តដែលអាចឱ្យប្រជាពលរដ្ឋបានស្គាល់និងអាចទាក់ទាញពួកគាត់ឱ្យទៅកម្សាន្តពេលមានថ្ងៃឈប់សម្រាក៕