Detail Top Banner

ដីព្រៃរាប់សិបហិកតា ត្រូវបានជនជាតិចិន លួចកាប់បំផ្លាញ

ខេត្តរតនគិរី៖ បើទោះជារាជរដ្ឋាភិបាលរិតបណ្តឹង ក្នុងការទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពកាប់រានដីព្រៃឈើ ល្មើសច្បាប់យ៉ាងណាក៏ដោយ ក៏អាជ្ញាធរមូលដ្ឋាន ហាក់ដូចជាមិនមានឆន្ទៈ ឬម្ចាស់ការក្នុងការយកចិត្តទុក​ដាក់ ការពារដីព្រៃឈើនោះទេ។
ជាក់ស្ដែងដីព្រៃមួយកន្លែងស្ថិតនៅក្នុងភូមិស្រែពកតូច ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានជនជាតិចិន លួចកាប់បំផ្លាញពង្រីកផ្ទៃដីបន្ថែមជាបន្តបន្ទាប់ បើទោះជាដីឈូសឆាយនៅតំបន់នេះ ត្រូវគណៈកម្មការខេត្តចុះពិនិត្យរួចម្ដងមកហើយ មិនទាន់សម្រេចថាដកហូតឬយ៉ាងណានោះទេ ចំណែកអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធបានត្រឹមថាមិនដឹង ចាំចុះទៅមើលតែប៉ុណ្ណោះ។
ករណីជនជាតិចិនកាប់បំផ្លាញព្រៃឈើរានយកដីខាងលើនេះ លោក នូ ម៉ឹង មេឃុំសេរីមង្គល ស្រុកកូនមុំថា លោកមិនបានដឹងទេ រីឯលោក សេក ហៃ អភិបាលស្រុកកូនមុំថា នៅឃុំសេរីមង្គលមិនមានក្រុមហ៊ុនវិនិយោគទេ ចំណែកថាជនជាតិចិនលួចកាប់រានដីព្រៃនោះលោកមិនដឹងទេ សុំឲ្យសួរទៅជំនាញ។
លោក ថោ ប៊ុនថេត ភូមិបាលស្រុកកូនមុំបានឲ្យដឹងថា ដីនេះមានឈ្មោះ ស៊ីង នៅស្រុកវើនសៃ ជាអ្នកឈរឈ្មោះទិញ ហើយដីនេះមិនមានចុះបញ្ជីត្រឹមត្រូវទេ គ្រាន់តែជំនាញចុះវាស់វែងលក្ខណៈទិញដូរ រវាងអ្នកទិញនិងអ្នកលក់តែប៉ុណ្ណោះ ចំណែកការកាប់រានដីព្រៃ សូមទំនាក់ទំនងសួរជំនាញរដ្ឋបាលព្រៃឈើ។
លោក គួក ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំ បានឲ្យដឹងថា លោកមិនបានដឹងទេ ចំពោះការកាប់រានដីព្រៃបន្ត គ្រាន់តែការកាប់រានចាស់លោកបានចុះទៅពិនិត្យ និងធ្វើរបាយការណ៍ជូនថ្នាក់លើនិងខេត្តរួចម្ដងហើយ ការមានវិធានការដកហូត ឬយ៉ាងណានោះ លោករងចាំការសម្រេចពីថ្នាក់លើនិងខេត្តសិន ចំពោះការកាប់រានដីព្រៃថ្មី លោកនិងរកពេលចុះទៅពិនិត្យម្ដងទៀតនៅពេលក្រោយ ដើម្បីរាយការណ៍ជូនថ្នាក់លើ។


ជុំវិញករណីខាងលើនេះ លោក ញែម សំអឿន អភិបាលរងខេត្តរតនគិរី បានឲ្យអ្នកសារព័ត៌មានយើងដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា ដីព្រៃនៅតំបន់នោះជាដីគម្របព្រៃ ដែលមាន សារាចរណែនាំ ចេញតាំងពីឆ្នាំ២០០២ មិនអាចអនុញ្ញាតិឲ្យអ្នកណាកាប់ទុន្រ្ទានបានទេ បើទោះជាប្រជាពលរដ្ឋទៅកាប់រានធ្វើចំការនៅទីនោះក៏ដោយ ហើយអាជ្ញាធរមូលដ្ឋាន ឬជំនាញពាក់ព័ន្ធណាហ៊ានចេញលិខិតណាមួយពាក់ព័ន្ធត្រូវមានទោសទាំងអស់ ឯដីចំការអ្នកណាក៏ដោយ ឲ្យតែពាក់ព័ន្ធនិងផ្ទៃដីគម្របព្រៃនេះ ត្រូវដកហូតទាំងអស់។
គួរបញ្ជាក់ថា កន្លងមកក្រុមឈ្មួញតែងតែ ប្រើរូបភាពឲ្យប្រជាពលរដ្ឋលួចកាប់រានធ្វើចំការជាលក្ខណៈគ្រួសារ ហើយអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នា ធ្វើលិខិតទិញដូរជាមួយប្រជាពលរដ្ឋលក់ឲ្យឈ្មួញ៕

អត្ថបទដែលជាប់ទាក់ទង