ខេត្តរតនគិរីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងឱកាសឈប់សម្រាករយៈពេល៥ថ្ងៃ ខណៈដែល សណ្ឋាគារ និងផ្ទះសំសំណាក់ត្រូវបានកក់បន្ទប់៦០%រួចរាល់

ខេត្តរតនគិរី៖ ក្នុងឱកាសដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ខេត្តរតនគិរី បានត្រៀមស្វាគមន៍រួចជាស្រេចភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកំសាន្តនៅតាមរមណីដ្ឋាននានាក្នុងខេត្ត ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់ចំនួន៣៧ ត្រូវបានកក់បន្ទប់សម្រាប់ស្នាក់នៅប្រមាណ៦០%ហើយ នេះបើតាមការបញ្ជាក់ពីលោក ង៉ែត ពិទូ ប្រធានមន្ទីររទេសចរណ៍ខេត្តឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះបានអះអាងថាចំនួននេះអាចកើនឡើងជាបន្តទៀតប្រសិនអាកាសធាតុអំណោយផលមិនមានភ្លៀងព្រោះថាពេលនេះខេត្តរតនគិរីកំពុងមានភ្លៀងធ្លាក់ជាប់ៗគ្នារាល់ថ្ងៃ ដូច្នេះភ្ញៀវអាចស្ទាក់ស្ទើរក្នុងការដើរលេង លោកបានបន្តថា សណ្ឋាគារនិងផ្ទះសំណាក់ក្នុងខេត្តចំនួន ៣៧ហើយ មានបន្ទប់ប្រមាណជាង ១០០០បន្ទប់ បានត្រៀមរួចជាស្រេចដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិអន្តរជាតិ ជាពិសេសនោះគឺភ្ជាប់ដោយគោលការណ៍អនាម័យដែលក្រសួងសុខាភិបានបានដាក់ចេញសំដៅការពារទប់ស្កាត់រាការរាតត្បាតជំងឺកូវីដ-១៩។

លោកបញ្ជាក់ថា សណ្ឋាគារផ្ទះសំណាក់ មន្ទីរបានអញ្ចើញម្ចាស់និងអ្នកគ្រប់គ្រងទាំងអស់មកធ្វើការអប់រំណែនាំពីវិធានការចំបាច់នានាដើម្បីផ្តល់ភាពកក់ក្តៅ និងភាពជឿជាក់ដល់ភ្ញៀវដូចជាគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ត្រូវមានឡាបូសម្រាប់លាងសម្អាតដៃ ព្រមទាំងត្រូវបាញ់អាកុល ជូនភ្ញៀវមុន និងឲ្យចូលបន្ទប់ ស្នាក់នៅជាដើម។

ដោយឡែកកន្លែងរមណីដ្ឋាន និងអាហារដ្ឋាននានាក៏ត្រូវអនុវត្តដូចគ្នានេះដែរ មុននឹងទទួលភ្ញៀវឲ្យចូល ទស្សនាកំសាន្តនិងទទួលទានអាហារ ហើយកន្លែងគោលដៅទេសចរណ៍ទាំងអស់ក៏បានដាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពីវិធានការណ៍មួយចំនួនទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីជាការពញ្ញាក់ស្មារតីភ្ញៀវឲ្យចូលរួមការពារទប់ស្កាត់ជំងឺដ៏កាចសាហាវនេះគ្រប់ពេលវេលាពីព្រោះថា យើងអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩មិនភ្លេចយើងឡើយ។

លោក ង៉ែត ពិទូ បានអំពាវឲ្យម្ចាស់សណ្ឋគារ ផ្ទះសំណាក់ ក៏ដូចគ្រប់សេវាកម្មទេសចរណ៍ទាំងអស់កុំមានការតម្លើងថ្លៃក្នុងរយៈពេល៥ថ្ងៃនេះ ចំពោះភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលមកលេងកំសានក្នុងខេត្តរតនគិរីសូមបន្តចូលរួមអនុវវត្តន៍ឲ្យបានខ្ជាប់នូវវិធានការអនាម័យដើម្បីរួមគ្នាប្រយុទ្ធប្រឆំាងនិងជំងឺកូវីដ-១៩កុំឲ្យមានរលកទី២ នៃការរាតត្បាតជំងឺនេះក្នុងសហគមន៍របស់យើង៕










