អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធនានាផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អគ្គលេខាធិការរង បានលើកឡើងថា ដោយអនុវត្តតាមលិខិតបង្គាប់ការ កិច្ចប្រជុំថ្ងៃនេះគឺជាការជួបជុំក្រុមការងារពាក់ព័ន្ធដើម្បីត្រៀមរៀបចំកម្មវិធីកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តរបស់អគ្គលេខាធិការដ្ឋាន ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដោយអង្គប្រជុំចាប់ផ្ដើមពីការពិភាក្សាទៅលើរបៀបវីរៈ នៃកម្មវិធី និងបន្តពិនិត្យលើរបាយការណ៍លទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០។ បន្ថែមពីនេះ ឯកឧត្តម អគ្គលេខាធិការរង បានបន្តថា នាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន អាចពិនិត្យលើរបាយការណ៍សរុបនេះសារជាថ្មី ហើយផ្ដល់ជាមតិយោបល់ កែសម្រួលផ្សេងៗទៅតាមវិស័យ និងការងាររបស់ខ្លួន ហើយខ្លឹមសារនៃរបាយការណ៍៍ទៀតសោត អាចដាក់ជាចំណុចជារួម ដោយសង្ខេប។
សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការជូនក្រសួងមហាផ្ទៃ នៅក្នុងកិច្ចការសម្របសម្រួលជាមួយក្រសួង ស្ថាប័នជាតិ អន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពចំណុះក្រសួងមហាផ្ទៃ និងវិស័យឯកជននានា លើការងាររដ្ឋបាល ការងាររៀបចំកិច្ចប្រជុំ និងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ការងារសរុប និងស្ថិតិ ការងារទំនាក់ទំនងអន្តរជាតិ ការងារបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងការងារកិច្ចការទីប្រឹក្សា និងជំនួយការ៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា