ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការដ្ឋានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការលើកកម្ពស់ ការយល់ដឹងពីមេរោគអេដស៍និងជំងឺអេដស៍ និងគ្រឿងញៀន

ខេត្តកោះកុង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍ នៃក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអប់រំទប់ស្កាត់គ្រឿងញៀន មេរោគអេដស៍និងជំងឺអេដស៍ ជូនបងប្អូន ប្រជាសហគមន៍នៅសហគមន៍អេកូទេសចរណ៍ ជីផាតខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍ នៃក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី លោកជំទំទាវ ព្រុំ សុភី អនុរដ្ខលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម អ៊ុក ភាក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តមវេជ្ជបណ្ឌិត ទូច គឹមសាន្ត អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ព្រមទាំងមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ អគ្គារធិការដ្ឋាននៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តកោះកុង ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះក៏មានការចូលរួមពីប្រជាសហគមន៍អេកូទេសចរណ៍ ប្រមាណ ៦៥នាក់។
គោលបំណងនៃសិក្ខាសាលានេះ គឺការផ្សព្វផ្សាយ អប់រំប្រជាសហគមន៍ ក៏ដូចជាឧទ្យានុរក្ស ឱ្យមានការយល់ដឹង បង្ការការឆ្លងមេរោគអេដស៍ និងប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន។
លោកប្រធានសហគមន៍អេកូទេសចរណ៍ជីផាត់ ខេត្តកោះកុង បានលើកឡើងពីសក្តានុពលតំបន់អេកូទេសចរណ៍ តំបន់ទេសភាពសំខាន់ៗ ការអាស្រ័យផលនិងការទាក់ទាញភ្ញៀវទេសចរណ៍ ការរៀបចំសេវាកម្មជូនភ្ញៀវទេសចរណ៍ ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅដល់ប្រជាសហគមន៍ ក៍ដូចជា ការចូលរួមអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅតំបន់សហគមន៍អេកូទេសចរណ៍នេះផងដែរ ដើម្បីរក្សានូវសុវត្ថិភាព និងសុខភាពរបស់ប្រជាសហគមន៍ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម គឹមសែន បានលើកឡើងពីការឆ្លងមេរោគអេដស៍ អាត្រានៃការឆ្លងមេរោគអេដស៍ និងការចូលរួមទប់ស្កាត់នឹងការឆ្លងមេរោគអេដស៍នៅក្នុងសហគមន៍ ដែលធ្វើឱ្យបាត់បង់នូវកំលាំងពលកម្ម ប្រាក់ចំណូល និងផលប៉ះពាល់ដល់ផលប្រយោជន៍ដល់សហគមន៍អេកូទេសចរណ៍ផងដែរ។ ការប្រើប្រាស់ស្រោមអនាម័យ និងការធ្វើតេស្តឈាម និងការទទួលការព្យាបាល​ឱ្យបានត្រឹមត្រូវ ជាវិធីសាស្ត្របង្ការការឆ្លងដ៏មានប្រសិទ្ធភាព ដែលត្រូវចាប់ផ្តើមពីយើងទាំងអស់គ្នា។
ចំពោះការចរាចរ និងការប្រប្រាស់គ្រឿងញៀន គឺជាបញ្ហាប្រឈមខ្ពស់ ដែលប៉ះពាល់ដល់សុខភាពរាងកាយ សុភាពផ្លូវចិត្ត និងបណ្តាលឱ្យកើតមាននូវអំពើហឹង្សារក្នុងគ្រួសារ ក៏ដូចជានៅក្នុងសហគមន៍ និងអាចភ្ញៀវទេសចរណ៍ និងប្រាក់ចំណូលផងដែរ។ លោកឧត្តមសេនីយឯក ថោង សុគន្ធា បានបង្ហាញពីប្រភេទគ្រឿងញៀន ការផលិតគ្រឿងញៀន ការសេពគប់និងប្រើប្រាសើគ្រឿងញៀន ច្បាប់និងការប្រយុទ្ធនឹងគ្រឿងញៀន និងផលប៉ះពាល់ដល់សុខភាពមនុស្ស និងសង្គមជាតិ។ លោកឧត្តមសេនីយក៏បានអំពាវនាវដល់សហគមន៍ឲ្យចូលរួមក្នុងការទប់ស្កាត់ទាំងអស់គ្នា ដើម្បីរក្សាបាននូវសុវត្ថិភាព និងសុខមាលភាពសង្គម។
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងតែយកចិត្តទុកដាក់ពីសុខមាលភាពមន្ត្រីរាជការ ឧទ្យានុរក្ស និងប្រជាសហគមន៍ និងលើកទឹកចិត្តដល់ប្រជាសហគមន៍ អ្នកដឹកនាំ​សហគមន៍ និងអាជ្ញាធរដែនដី យកចិត្តទុកដាក់ ស្វែងយល់ពីបញ្ហាមេរោគអេដស៍និងជំងឺអេដស៍ និងគ្រឿងញៀន បន្តជួយធ្វើការអប់រំ និងទប់ស្កាត់ការឆ្លងមេរោគអេដស៍ ប្រឆាំងដាច់ខាតការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍ ជាពិសេសចូលរួមក្នុងការបញ្ចប់មេរោគអេដស៍នៅឆ្នាំ២០២៥ ដើម្បីសហគមន៍មួយដែលមានសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរណ៍ ជាហគមន៍មួយដែលមិនមានអ្នកឆ្លងមេរោគអេដស៍ និងគ្មានគ្រឿងញៀន។
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការដ្ឋានក្រសួងបរិស្ថាន ជម្រុញឲ្យបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ហើយត្រូវតែយកចិត្តទុកដាក់ ប្រកាន់ខ្ជាប់ការរស់នៅប្រក្រតីធម្មតា ដោយរក្សាបាននូវអនាម័យខ្ពស់ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាត​ពីគ្នា​ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ លាងដៃជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍ ជាពិសេសនៅក្នុងការឈប់សំរាកដែលមានរយៈពេលវែងខាងមុខនេះ៕
អត្ថបទដែលជាប់ទាក់ទង