សម្ដេចក្រឡាហោម ស ខេង សម្រេចផ្អាកការងារបណ្ដោះអាសន្ន លើស្នងការខេត្តកំពង់ធំ អ៊ុក កុសល ពាក់ព័ន្ធរឿងអាស្រូវ
ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយករណីស្នងការនគរបាលខេត្តកំពង់ធំ បៀតបៀនកេរ្តិ៍ខ្មាសលើនគរបាលនារីជាកូនចៅរបស់ខ្លួនរួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចការងារបណ្ដោះអាសន្ន របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានបៀតបៀនកេរ្តិ៍ខ្មាស់ទៅលើពួកគេ និងស្នងការរងទទួលផែនធនធានមនុស្ស អុឹម សុគឿន ឲ្យទៅបំរើការងារនៅនាយកដ្ឋានបុគ្គលិក ព្រមទាំងប្រគល់ភារកិច្ចឲ្យលោកឧត្តមសេនីយ៍ត្រី អុិត គឹមស្រ៊ន ស្នងការរង និងជាស្នងការស្តីទី ទទួលភារកិច្ចរួមរហូតដល់មានសេចក្តីសម្រេចជាថ្មី។
គួរបញ្ជាក់ថា បើយោងតាមលិខិតមួយចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ របស់នារីៗជាមន្រ្តីនគរបាលខេត្តកំពង់ធំ គោរពស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបរាប់ថា៖ ៉ក្នុងអំឡុងឆ្នាំ២០១៨ និង២០១៩ ពួកនាងខ្ញុំមួយចំនួនត្រូវបានលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការ បានហៅនាងខ្ញុំឲ្យទៅជួបគាត់នៅក្នុងបន្ទប់ធ្វើការរបស់គាត់ ដើម្បីសួរនាំកិច្ចការងារមួយចំនួន ដោយយល់ឃើញថា គាត់ជាថ្នាក់ដឹកនាំ ជាមេកើយ នាងខ្ញុំក៏បានទៅជួបគាត់ម្ដងម្នាក់ៗ ។ ពេលចូលទៅដល់បន្ទប់តែពីរនាក់ លោកស្នងការបានសួរបញ្ជាក់ថាពាក់ស័កិ្តប៉ុន្មាន? ហើយមុខតំណែងអីសព្វថ្ងៃ? ហើយបើចង់បានមុខតំណែង ឬឡើងស័កិ្ត ចង់ចាំបងជួយ ព្រោះបងជាស្នងការ ជាប្រធានអង្គភាព ចង់ធ្វើអ្វីក៏បានដែរ ឱ្យតែអូនព្រមស្រលាញ់បង។ យ៉ាងទៀត បើអូនព្រមស្រឡាញ់បង កុំបារម្ភខ្លាចមានកូនអី ព្រោះទឹកកាមបងគ្មានមេជីវិតបង្កកំណើតទេ។ ពេលឮសំដីទាំងអស់នេះ នាងខ្ញុំហួសចិត្ត មិននឹកស្មានថា គាត់ហ៊ាននិយាយពាក្យសំដីបែបនេះមកលើនាងខ្ញុំជាកូនចៅ ជានារីភេទនោះទេហើយនគរបាលជានារីខ្លះមានទាំងប្ដីទាំងកូនផង។ ក្រៅពីពាក្យសម្ដីលួងលោម បុគ្គលនេះបានចាប់បង្ខំឱ្យស្ទាបអង្អែលកេរ្តិ៍ខ្មាស ដោយមិនញញើត ទោះបីពេលខ្លះពួកនាងខ្ញុំខំរើបម្រះ ឬចង់ស្រែកប្រាប់គេឯង ក៏មិនហ៊ាន ព្រោះខ្លាចអំណាចគាត់ជាស្នងការ។ ម្យ៉ាងទៀត គាត់បានគំរាមមិនឲ្យប្រាប់រឿងដែលគាត់ប្រព្រឹត្តនោះឲ្យនៅណាដឹងទេ បើហ៊ានគឺមានបញ្ហាហើយ។ ទោះបីដឹងថាបុគ្គលនេះតែងតែប្រព្រឹត្តបែបនេះមកលើរូបកាយ និងផ្លូវភេទពួកនាងយ៉ាងណា ក៏មិនហ៊ានប្រាប់នរណាដែរ ម្យ៉ាងខ្លាចប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូរនាងខ្ញុំជាស្ត្រីភេទទន់ខ្សោយ ម្យ៉ាងខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារ ខ្លាចរឿងនេះដឹងដល់ប្ដីអាចប្រឈមនឹងការលែងលះគ្នា ធ្វើឱ្យបែកបាក់គ្រួសារ។ ពេលខ្លះ ពួកនាងត្រូវយកឯកសារទៅឆ្លងយោបល់គាត់ ម្នាក់ៗខ្លាចមិនហ៊ានទៅជួបទេ តែជាភារកិច្ចហើយ មិនអាចប្រកែកបាន ម្យ៉ាងទៀតគាត់ប្រាប់តាមរយៈនាយការិយាល័យ ឬស្នងការរងទទួលផែន តម្រូវឲ្យយើងខ្ញុំទៅបកស្រាយផ្ទាល់ ទើបគាត់ព្រម។ នារីៗជាមន្រ្តីនគរបាលខេត្តកំពង់ធំ បានលើកឡើងចំៗថា ក្រៅពីស្ទាបអង្អែលសុដន់ឬកេរ្តិ៍ភេទនាងខ្ញុំដែលជាជនរងគ្រោះ បុគ្គលនេះក៏បង្ខំឱ្យនាងខ្ញុំលេងប្រដាប់ភេទគាត់រហូតដល់ចេញទឹកកាម ទើបគាត់ព្រមឲ្យចាកចេញពីបន្ទប់របស់គាត់។ នគរបាលជានារីដែលចូលទៅជួបគាត់មួយចំនួន គឺជួបនឹងរឿងបែបនេះហើយក៏មាននគរបាលជានារីខ្លះជួបរឿងឈឺចាប់ត្រូវបែកបាក់គ្រួសារ ដោយសារការប្រព្រឹត្តអំពើមិនសមរម្យរបស់បុគ្គល អ៊ុក កុសល មកលើមន្ត្រីនគរបាលជានារី។ កន្លងមក ពួកនាងខ្ញុំបានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ ផ្ទុយទៅវិញបុគ្គលនេះកាន់តែគៀបសង្កត់មើលងាយមើលថោកមកលើពួកនាងខ្ញុំជាជនរងគ្រោះ ដោយគំរាមមិនឱ្យតែងតាំង ឬដំឡើងស័ក្តិជាដើម។ មកដល់ពេលនេះ ពួកនាងខ្ញុំគ្មានផ្លូវណាដើម្បីជ្រើសរើសក្រៅពីគោរពស្នើសុំដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ដែលជាឪពុកម្ដាយជួយរកយុត្តិធម៌ឲ្យកូនចៅជាជនរងគ្រោះផង ព្រោះអ្នកប្រព្រឹត្តជាមេកើយហើយមានអំណាចគៀបសង្កត់មកលើកូនចៅដែលទន់ខ្សោយ ” ៕