អភិបាលរាជធានី ណែនាំឲ្យមន្ទីរសាធារណការ ដាំស្មៅ ជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេនវិមានឈ្នេះឈ្នះ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំស្មៅ ជួសដើមឈើដែលងាប់ និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេណវិមានឈ្នេះឈ្នះ ជាមួយនិងការណែនាំឲ្យសន្តិសុខសណ្តាប់ធ្នាប់ប្រាប់ទៅប្រជាពលរដ្ឋដែលទៅដើរលេងកំសាន្តនៅទីក្នុងវិមាននេះ ទុកដាក់សំរាមឲ្យបានល្អផងដែរ។
ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នេះខណៈដែរ ឯកឧត្តម ឃួង ស្រេង ដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យបរិវេណវិមានឈ្នះឈ្នះ និងនៅតាមបណ្តោយផ្លូវនេះ មានសណ្តាប់ធ្នាប់សោភណ្ឌភាព បរិស្ថាន និងអនាម័យល្អប្រសើរ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅក្នុងបរិវេណវិមានឈ្នះឈ្នះនេះ ក្នុងមួយថ្ងៃមួយថ្ងៃមានប្រជាពលរដ្ឋមកដើរលេងកំសាន្តរាប់ពាន់នាក់ ដូច្នេះកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់របស់យើងត្រូវណែនាំពួកគាត់ឲ្យទុកដាក់សម្រាមឲ្យបានល្អ ដើម្បីឲ្យពួកគាត់មានទំលាប់ល្អ។ បន្ថែមពីនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដាំស្មៅ ជួសដើមឈើដែលងាប់ និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេណវិមានឈ្នេះឈ្នះនេះឲ្យបានល្អស្អាតបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣ ខែសីហាកន្លងមកនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះ និងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះម្តងរួចមកហើយ កាលណោះលោកអភិបាលបានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសំអាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀរទឹកដក់ នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូ។

ក្រោយពីមានការណែនាំមក ដល់ថ្ងៃនេះ ឃើញថាទាំងបរិវេណវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះ មានសោភណ្ឌភាព បរិស្ថានល្អប្រសើរហើយ ដោយឡែកនៅតាមបណ្តោយផ្លូវនេះក៏មានសណ្តាប់ធ្នាប់ល្អប្រសើរហើយដែរ៕






