ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីដុតបំផ្លាញគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀនដែលបានប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ទ្បាយ គីមលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង៤ តំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបប្រមាណជាង ៧០០នាក់។
យោងតាមរបាយការណ៍របស់ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងជាតំណាងសាលាដំបូងខេត្តចំនួន០៣ ទៀត គឺសៀមរាប កំពង់ធំ និងឧត្តរមានជ័យ បានបញ្ជាក់ថាគ្រឿងញៀនដែលបានដុតបំផ្លាញនៅក្នុងពិធីនេះមានចំនួនសរុបជាង ៩៣គីឡូក្រាម ដែលក្នុងនោះរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៨៥ ៤២២.៣៩ក្រាម ប្រភេទមេតំហ្វេតាមីន (WY) ជាគ្រាប់មានទម្ងន់ ៥ ៦១៦.០៩ក្រាម ប្រភេទអ៊ិចស្តាស៊ីល ទម្ងន់ ២ ១៦៦.៨០ក្រាម និងប្រភេទកេតាមីន មានចំនួន ៤០៣ដប ដែលបានមកពីការបង្រ្កាបក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលពេញមួយឆ្នាំ ក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនេះ ក្នុងនាមក្រសួងយុត្តិធម៌ និងក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានពុះពារបំពេញការងារយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន ដោយអនុវត្តតាមសមត្ថកិច្ចរបស់ខ្លួន រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងរយៈកាលកន្លងមកនេះ ធ្វើឱ្យស្ថានភាពគ្រឿងញៀនអាចគ្រប់គ្រង និងត្រួតពិនិត្យបាន។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំមន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន « ៣កុំ ១រាយការណ៍» របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺ៖ កុំពាក់ព័ន្ធដែលក្នុងនោះមានដូចជា ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់ គ្រឿងញៀន។ កុំអន្តរាគមន៍មានន័យថា៖ កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ។
កុំលើកលែង៖ គឺកុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។ សមត្ថកិច្ចទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ និងចុងក្រោយត្រូវរាយការណ៍ផ្តល់ព័ត៌មានជូនសមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ និងទីតាំងស្តុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។
គួរបញ្ជាក់ផងដែរថា ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ គិតត្រឹមរយៈពេល ៨ ខែ ក្នុងឆ្នាំ២០២០ នេះ មានបទល្មើសគ្រឿងញៀនសរុបចំនួន ៣២ ២០០ករណី ត្រូវបានបង្រ្កាប ក្នុងនោះជនសង្ស័យចំនួនជាង ៦ម៉ឺន ៧ពាន់នាក់ ត្រូវបានឃាត់ខ្លួន និងគ្រឿងញៀនគ្រប់ប្រភេទសរុបជាង ២,២០០គីឡូក្រាម ត្រូវបានដកហូត៕



















