អភិបាលរងខេត្តកំពង់ឆ្នាំង ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារត្រូវពង្រីកមុខរបរបន្ទាប់បន្សំ និងអាចកាត់បន្ថយការធ្វើចំណាកស្រុក

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងឡាសិត២ប្រចាំខេត្ត បានថ្លែងថាៈ ការចាប់យកមុខរបរចិញ្ចឹមសត្វគឺជាផ្នែកមួុយដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួុសារកាន់តែប្រសើរឡើង។
ឯកឧត្ដម បានថ្លែងបែបនេះក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចុះចែកកូនមាន់ និងចំណីមាន់ដល់ប្រជាកសិករ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងជាអនុប្រធានគម្រោងឡាសិត២ រួមនឹងមន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្មផងដែរ។

ឯកឧត្ដម អម សុភា បានណែនាំដល់ប្រជាពលរដ្ធ ត្រូវងាកមករកមុខរបរបន្ទាប់បន្សំ ដូចជាចិញ្ចឹមសត្វជ្រូក មាន់ ទា ត្រី កង្កែប និងដាំដំណាំរួមផ្សំជាដើម ដើម្បីបង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួុសារឱ្យកាន់តែមានជីវភាពប្រសើរឡើង ជៀសវាងការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅទីឆ្ងាយពីស្រុក។
ឯកឧត្ដម អម សុភា បានណែនាំបន្ថែមទៀតថាៈ សូមប្រជាពលរដ្ឋត្រូវស្វែងយល់ ពីបច្ចេកទេសអោយបានច្បាស់លាស់ពីមន្រ្តីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចុះអប់រំផ្សព្វផ្សាយដល់ បងប្អូននូវការចិញ្ចឹមសត្វតាមបែប បច្ចេកទេសថ្មី។
ឯកឧត្ដម អម សុភា អំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នបន្តទៀត អនុវត្តឱ្យបាននូវវិធានការ បង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវអនាម័យជា ប្រចាំដោយលាងសម្អាតដៃជាមួុយនឹងសាប៊ូ អាល់កុល រឺជែល ពាក់ម៉ាស់ពេលនៅទីប្រជុំជន និងនៅគម្លាតពីគ្នាឱ្យបាន ១,៥០ម៉ែត ជៀងវាងការឆ្លងមេរោគ ដល់ខ្លួុនឯង និងគ្រួុសារ ព្រមទាំងសហគមន៍របស់យើង។
កញ្ញា ហេង គឹមស្រៀង បានអោយដឹងថាៈការចែកជូនពូជមាន់នាពេលនេះមានចំនួុន ១០ គ្រួសារ ដោយក្នុង ១គ្រួុសារទទូលបានកូនមាន់អាយុ ២១ថ្ងៃ ចំនួន ៥០កូន មានស្នូកទឹក ស្នូកចំណី និងចំណីមាន់ចំនួុន ១ការ៉ុង៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង



