ថ្ងៃទីមួយ នៃកម្មវិធីសម្រាកសៀមរាប ប្រតិបត្តិករទេសចរណ៍បានបដិសណ្ឋាកិច្ចភ្ញៀវយ៉ាងច្រើនកុះករ និងអរគុណចំពោះការបង្កើតកម្មវិធីនេះឡើង

ខេត្តសៀមរាប៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ គឺជាថ្ងៃបើកកម្មវិធី “សម្រាកសៀមរាប” ដែលធ្វើឲ្យខេត្តសៀមរាបមានភាពអធិកអធមដោយមានបងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរណ៍មកពីតាមបណ្ដារាជធានី ខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា បានសម្រុកចូលមកលេងកំសាន្តនៅខេត្តសៀមរាប ក្នុងកម្មវិធី “សម្រាកសៀមរាប” ដែលរដ្ឋបាលខេត្ត បានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា និងកាកបាទក្រហមកម្ពុជា។

រដ្ឋបាលខេត្ត និងបងប្អូនប្រតិបត្តិករទេសចរណ៍ទាំងអស់ ពិតជាមានភាពសប្បាយរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបងប្អូនភ្ញៀវទេសចរជាតិ ដែលបានអញ្ជើញមកចូល រួមកម្មវិធីសម្រាកសៀមរាប ពិធីតាំងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ ល្បែងប្រជាប្រិយ៍ កម្មវិធីកំសាន្ត និងដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តប្រវត្តិសាស្រ្តមួយនេះ។ ជាពិសេសប្រតិបត្តិករទេសចរណ៍ ទទួលបានប្រាក់ចំណូលដើម្បីដោះស្រាយការលំបាកបានមួយរយៈដោយសារវិបត្តិជំងឺកូវីដ១៩ និងការបង្ហាញឲ្យឃើញទាំងអាជ្ញាធរបានសហការក្នុងទប់ស្កាត់ជំងឺកូវីដ១៩ និងការទេសចរណ៍ប្រកបដោយសុវត្ថិភាពក្នុងខេត្តសៀមរាប។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសង្ឃឹម យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរណ៍នឹងមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេចត្រូវចងចាំនូវ ០៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖
១.កុំភ្លេចត្រៀមម៉ាស់ ឬក្រម៉ា
២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប









