សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលារៀនអនុវិទ្យាល័យកន្ទឺ១ សាលាបឋមសិក្សាស្វាយព្រៃ និងស្ពានបេឡ ស្ថិតក្នុងឃុំកន្ទឺ១ ស្រុកបាណន់

នៅព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសាលារៀនអនុវិទ្យាល័យកន្ទឺ១ សាលាបឋមសិក្សាស្វាយព្រៃ និងស្ពានបេឡ ស្ថិតក្នុងឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម តំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៦០០ នាក់។

សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មុនធ្វើអ្វីមួយត្រូវគិតគូរផលប្រយោជនប្រជាជនជាធំ ត្រូវដោះស្រាយ រាល់គ្រប់បញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយភាពយុត្តិធម៌ ដើម្បីភាពសុខសប្បាយក្នុងសង្គម មិនត្រូវគិតតែ ផលប្រយោជន៍គ្រួសារ បក្ខពួករបស់ខ្លួន ជាធំនោះទេ។
ជាមួយគ្នានោះសម្ដេច ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលកម្ពុជា យើងកំពុងមានសព្វថ្ងៃនេះ។
គូសបញ្ជាក់បើទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាក ដែលប្រទេសយើងកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក្តី ក៏រាជរដ្ឋាភិបាលនៅតែមិនបានព្រងើយកន្តើយចំពោះការកសាង នោងស្តារហេដ្ឋារចនាសម្ព័ន្ធវ័ន្ត ដែលជាផ្នែកមួយក្នុងកែលម្អនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។
សូមជម្រាបជូនដែរថា ពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ស្ពានបេឡេ ១ខ្សែ ប្រវែង១២៦ម៉ែត្រ និងអគារសិក្សា ចំនួន ២ខ្នង ស្មើនឹង ១០បន្ទប់ នៅសាលាបឋមសិក្សាស្វាយព្រៃ ១ខ្នង ៥បន្ទប់ និងអនុវិទ្យាល័យកន្ទឺ១ ចំនួន ១ខ្នង ៥បន្ទប់ផងដែរ។
បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណារគុណយ៉ាងជ្រាលជ្រៅចំពោះសមិទ្ធផលថ្មីមួយនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានធ្វើដោះស្រាយការធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋពីត្រើយម្ខាងមកត្រើយម្ខាងទៀតផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង









