ផលិតផលទេសចរណ៍ថ្មីៗ រះលើទឹកដីខេត្តបន្ទាយមានជ័យ ជាមួយកំណើនទេសចរដ៏ល្អ នាថ្ងៃឈប់សម្រាក

ខេត្តបន្ទាយមានជ័យ៖ ក្នុងឱកាសឈប់សម្រាករយៈពេលវែង ជំនួសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបន្ទាយមានជ័យបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង (រួមទាំងវិធានការសុខាភិបាលដើម្បីទប់ស្កាត់កូវីដ១៩ និងវិធានសុវត្ថិភាពទេសចរណ៍) ដើម្បីទទួលស្វាគមន៍ទេសចរជាតិ និងបរទេស ដែលមកស្នាក់នៅ និងលេងកម្សាន្តតាមរមណីយដ្ឋាននានា។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា រយៈពេល ០២ថ្ងៃ (ទី១៧-១៨ ខែសីហា ឆ្នាំ២០២០) មានទេសចរក្នុស្រុកមកលេងកម្សាន្តរហូតដល់ជិត ០១មុឺននាក់។ ចំពោះស្ថានភាពទូទៅ គឺមានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ មានរៀបចំចំណតរថយន្តនៅតាមគោលដៅទេសចរណ៍នីមួយៗ ។ នៅប្រាសាទបន្ទាយឆ្មារ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបានសហការជាមួយកងកម្លាំងនគរបាលការពារបេតិកភ័ណ្ឌប្រាសាទបន្ទាយឆ្មារ ដែលបានដាក់កម្លាំងការពារសន្តិសុខនៅទីនោះ មានរថយន្តពន្លត់អគ្គីភ័យ ច្រកចូលប្រាសាទផ្នែកខាងកើត មានវាស់កំដៅភ្ញៀវ និងបាញ់ទឹកអាល់កុលលាងដៃ។
រីឯ ទីកន្លែងផ្សេងទៀតបានសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រជាការពារភូមិ ត្រួតពិនិត្យ តូបលក់ដូរចំណីអាហារ ដោយមានដាក់ទឹកអាល់កុលលាងដៃ មានបិទposter ផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩ និងនៅតាមបណ្តាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក្រុមការងារមន្ទីរបានត្រួតតាមដានឃើញថា ពួកគាត់បានយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អប្រសើរ ដោយមានប្រដាប់វាស់កំដៅ ទឹកអាល់កុល ឬជែលលាងដៃនៅច្រកចូលហាងរបស់គាត់ បុគ្គលិកបម្រើការងារមានពាក់ម៉ាស់ និងអនាម័យបរិស្ថានបានល្អ៕











