លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវ ម៉ែន ភក្ដី ហុកឡង់ឌី អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១១៦គ្រួសារ នៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ខេត្តតាកែវ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ម៉ែន ភក្ដី ហុក ឡង់ឌី ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងលោកជំទាវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរជាច្រើន បានអញ្ជើញចូលរួម សំណេះសំណាល និងចែកអំណោយដល់ពលរដ្ឋក្រីក្រ ចំនួន ១១៦គ្រួសារ នៅក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នៅពុទ្ធគិរីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកបណ្ដាំសាកសួរសុខទុក្ខពីសំណាក សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ តែងតែចាត់តំណាងចុះជួបបងប្អូនប្រជាពលដ្ឋ និងជួយដោះស្រាយទុក្ខលំបាកជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងប្រទេស។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមទៀតថា សម្រាប់ទីតាំងពុទ្ធគិរីកម្ពុជាកាលពីសម័យអតីតកាលគឺពុំមានស្ថេរភាពនោះទេ និងអសន្តិសុខស្ទើរតែគ្រប់ទីកន្លែង ។ ប៉ុន្តែក្រោមការអនុវត្ត នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាពពេញទូទាំងប្រទេស និងបានអនុញាត្តិឲ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធសេរីភាពពេញលេញក្នុងការធ្វើបុណ្យ និងចូលរួមក្នុងការងារសង្គមបានគ្រប់ៗគ្នា ។ លោកជំទាវក៏បានបន្តទៀតថា ចំពោះការរាតត្បាតនូវមេរោគ កូវីដ-១៩ បាននឹងកំពុងរីករាលដាលនៅទូទាំងពិភពលោកយើងនេះ ដែលមានអ្នកឆ្លងរហូតដល់ជាង ២២លាននាក់ និងឆក់យកជីវិតមនុស្សជិត ៨០ម៉ឺននាក់មកហើយ ក្នុងប្រទេសកម្ពុជាក៏បានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន២៥៣នាក់ (ស្រី ៥៣នាក់ និងបុរស២០០នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ២០នាក់ផងដែរ ។
លោកជំទាវក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះអនាម័យខ្លួនឯងបន្ថែមទៀត តាមរយៈ ការលាងដៃជាមួយសាប៊ូ ឬអាលកុល ឲ្យបានញឹកញាប់ ជាពិសេស ត្រូវពាក់ម៉ាស់ និងត្រូវរក្សាគម្លាតសុវត្ថិភាព ស្ដាប់តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានដាក់ចេញ៕