Detail Top Banner

បច្ចុប្បន្ននេះតម្លៃកៅស៊ូមានការកើនឡើង និងមានទីផ្សារល្អជាងមុន

មន្រ្ដីជំនាញក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បច្ចុប្បន្ននេះតម្លៃកៅស៊ូនាំចេញទៅកាន់ទីផ្សារអន្ដរជាតិមានការកើនឡើង និងមានទីផ្សារល្អ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅជុំវិញពិភពលោក។

ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា នៅដើមខែសីហា និងចុងខែកញ្ញាឆ្នាំ២០២០ ខាងមុខនេះ តម្លៃកៅស៊ូនឹងមានការកើនឡើងបន្ដិចវិញពោលគឺ អាចមានតម្លៃពី ១៣០០ដុល្លារ ទៅ ១៤០០ដុល្លារអាមេរិកក្នុង១តោន។
ឯកឧត្តមបញ្ជាក់ថា ការកើនឡើងនូវតម្លៃកៅស៊ូនេះ ដោយសារតែទីផ្សារអន្តរជាតិមានកំណើន តម្រូវការ ខណៈដែលការនាំចេញកៅស៊ូទៅទីផ្សារអន្ដរជាតិរួមមានប្រទេស វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និង សហគមន៍អឺរ៉ុបជាដើម គឺមិនមានការកកស្ទះដូចមុននោះទេ។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កម្ពុជាអាចនាំចេញកៅស៊ូបានចំនួន ៣០ម៉ឺនតោន ខណៈដែលរយៈពេល ៦ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកៅស៊ូបានចំនួន ១០ម៉ឺនតោន បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩មានកើនឡើង។
ឯកឧត្តមបានបន្ថែមទៀតថា«ដោយយើងសង្ឃឹមថា នឹងបាន ៣០ម៉ឺនតោន ដោយសារកៅស៊ូដែលមានរដូវចាប់ពីខែ១ខែ២ខែ៣នេះ រហូតដល់ខែ៥ ប្រមូលផលបានទាប ដែលប្រមូលតាមរដូវ អញ្ចឹងឥឡូវនេះយើងប្រមូលផលបានចំនួន ២៩ម៉ឺនហិកតា ដែលយើងសង្ឃឹមថា បានចំនួន ៣៥ម៉ឺនតោនក្នុងឆ្នាំ២០២០»។
ឯកឧត្តមបានរំលឹកឲ្យដឹងថា នៅកម្ពុជាចាប់ពីឆ្នាំ២០១១ រហូតមកដល់រយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្លៃកៅស៊ូបន្តធ្លាក់ចុះយ៉ាងគំហុកជាមួយនឹងតម្លៃនាំចេញប្រមាណតែ ១ ២០០ដុល្លារក្នុងមួយតោនតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដំាកៅស៊ូសរុបប្រមាណជាង ៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង ២៥ម៉ឺនហិកតា ខណៈផ្ទៃដីថែទាំមានជាង ១៥ម៉ឺនហិកតា ដែលគិតជាផលិតផលកៅស៊ូសម្រេចបានជិត២ម៉ឺនតោន៕ AKP

អត្ថបទដែលជាប់ទាក់ទង