ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរជិត ៤ម៉ឺននាក់ រយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំ

ខេត្តព្រះវិហារ៖ រយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំ ចាប់តាំងពីថ្ងៃទី១៧-១៩ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរជាតិ-អន្តរជាតិជិត ៤មុឺននាក់ បានធ្វើដំណើរមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក គង់ វិបុល បានឲ្យដឹងថា ត្រឹមរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី១៧-១៨-១៩ ខែសីហា ភ្ញៀវជាតិចំនួន ៣៧ ១១៨នាក់ និងភ្ញៀវអន្តរជាតិ ១៦៧នាក់ បានមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានានៅក្នុងខេត្ត។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា តំបន់រមណីយដ្ឋានទេសចរណ៍ដែលភ្ញៀវតែងតែមកលេងកម្សាន្ត រួមមាន ប្រាសាទព្រះវិហារ ទឹកធ្លាក់ភ្នំត្បែង ប្រាសាទកោះកែរ ទឹកជ្រោះព្រះនិម្មិត ក៏ដូចជារមណីយដ្ឋាននានាជាច្រើនកន្លែងទៀត។ លោកថា រយៈពេល៣ថ្ងៃនេះ សណ្ឋាគារ ផ្ទះសំណាក់ គឺមានភ្ញៀវពេញៗបន្ទប់ទាំងអស់។
លោក គង់ វិបុល បានថ្លែងថា ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក៏ដូចជាការណែនាំរបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរទេសចរណ៍បានរៀបចំការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ដល់ភ្ញៀវទេសចរក្នុងដំណាក់កាលកូវីដ-១៩ នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរក៏បានណែនាំចំពោះភ្ញៀវទេសចរទាំងអស់ សូមមានវិធានការការពារដោយខ្លួនឯងពីជំងឺកូវីដ.១៩ និងបានចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អផងដែរ៕ អរគុណសន្តិភាព














