សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

ភ្នំបេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ បានគោរពសម្ដែងនូវការអបអរសាទរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការល្អប្រសើរក្នុងការទប់ស្កាត់ជំងឺ covid 19 បានយ៉ាងល្អប្រសើរសម្រាប់ប្រទេសកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសក្នុងភាពឈ្លាសវៃ ដែលនាំដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ទៀតថាក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ គឺឯកឧត្តមបានសង្កេតឃើញថាកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនខ្លាំងនិងឆាប់រហ័ស លើសពីនោះ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានត្រៀមថវិកាមួយចំនួនក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ។ ឯកឧត្តម ក៏បានស្នើសុំដើម្បីធ្វើយ៉ាងណាបើកដំណើរការឡើងវិញ រវាងប្រទេសទាំងពីរ ដូចជាការធ្វើដំណើរទៅវិញទៅមក ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យធុរកិច្ចផងដែរ។ លើសពីនេះទៅទៀត ឯកឧត្តក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា និស្សិតកម្ពុជាយើងចំនួន ១៩នាក់ ត្រូវទៅសិក្សានៅប្រទេសជប៉ុនក្នុងពេលឆាប់ឆាប់នេះ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ភាគីជប៉ុនបានធ្វើការសិក្សាចប់សព្វគ្រប់ហើយទៅលើកំពង់ផែក្រុងព្រះសីហនុសម្រាប់ធ្វើយ៉ាងណាឲ្យកំពង់ផែនោះទទួលកប៉ាល់ធំៗចូលចត ក្នុងន័យនេះ ឯកឧត្តមបានស្នើសុំសម្ដេចតេជោឲ្យមានការគាំទ្រគម្រោងនេះផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុនសារជាថ្មីទៀតបន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៤ កន្លងទៅ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានអរគុណដល់រដ្ឋាភិបាលជប៉ុន ចំពោះជំនួយដែលបានផ្ដល់មកកម្ពុជា នារយៈពេលកន្លងមក និងជំនួយក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងអរគុណទៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជាជួយពលករ ក៏ដូចជាដល់និស្សិតកម្ពុជា ដែលកំពុងតែសិក្សា និងបម្រើការងារនៅឯប្រទេសជប៉ុន។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានគាំទ្រនូវការបើកឲ្យដំណើរការនូវទំនាក់ទំនងឡើងវិញ ក៏ដូចជាជំរុញនូវវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗរវាងកម្ពុជា និងជប៉ុន ដែលទាំងអស់នោះ នឹងធ្វើឲ្យទំនាក់ទំនង និងការផ្ដល់ការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរដែលអាចនាំមកទំនាក់ទំនងកាន់តែខ្លាំងបន្ថែមទៀត និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាបន្តទៀតផងដែរ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាក្នុងឆ្នាំ២០១៩ កម្ពុជា- ជប៉ុន មានទំហំពាណិជ្ជកម្មប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន ១,២ ពាន់លានដុល្លារហើយជប៉ុននាំចូលមកកម្ពុជាវិញ ០,៨ ពាន់លានដុល្លារ ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ នេះ រយៈពេល៩ខែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ ៣០០លានដុល្លារ។

សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា ចំពោះការបើកដំណើរការឡើងវិញនៃប្រទេសទាំងពីរ សម្តេចបានស្នើឲ្យមានការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាណាណា ដែលការហោះហើរនេះ នឹងអាចនាំឲ្យការធ្វើដំណើររវាងប្រទេសទាំងពីរមានសភាពការណ៍ធម្មតាឡើងវិញ ជាពិសេសត្រូវអនុវត្តនូវវិធានការមួយចំនួនផងដែរ។ សម្តេចតេជោបន្តថា ការហោះហើរឡើងវិញនេះ នាំឲ្យមានការកើនឡើងក្នុងទំហំពាណិជ្ជកម្មការ និងវិនិយោគផងដែរ។
ជាទីបញ្ចប់សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយដល់កម្ពុជាជាពិសេសជាមួយនឹងកម្មវិធីជំនួយក្រៅប្រទេស ដែលរាល់គម្រោងទាំងនោះមិនមានការពន្យា ឬបញ្ឈប់នោះទេ ផ្ទុយទៅវិញកំពុងតែដំណើរការជាប្រក្រតី៕
