Detail Top Banner

សមត្ថកិច្ចនគរបាល ជាអ្នកការពារសន្តិសុខសុវត្ថិភាព និងជាគំរូដល់ប្រជាពលរដ្ឋ បាញ់ជិត ២០គ្រាប់ សុទ្ធតែប៉ូលិសស្រុកសំរោងទង៧នាក់​

ខេត្តកំពង់ស្ពឺ៖ លោកវរសេនីយ៍ទោ កង ភារី ហៅម៉ៅ អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាន​នគរបាលស្រុកសំរោងទង​ និង​កូនចៅ ៦នាក់​ នៅវេលាថ្ងៃត្រង់ទី២២​ ខែសីហា​ ឆ្នាំ២០២០​ នេះ​ បានបញ្ជូនដល់តុលាការខេត្តកំពង់ស្ពឺ​ហេីយ​ ដេីម្បីចាត់ការតាមច្បាប់​ ។
ករណីពេលផឹកស៊ីស្រវឹង បែរជានាំគ្នាបាញ់បោះសេរី យ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណ​សាលាស្រុក​សំរោងទងទៅវិញ ដែលនាំឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ហើយមជ្ឈដ្ឋានជាច្រើន​រិះគន់​យ៉ាង​ខ្លាំងក្លា។ ជនសង្ស័យ៧នាក់រួមមានឈ្មោះ​ កង​ ភារី​ ម្ចាស់​កាំភ្លើង​ឡុក​​ អ្នកបាញ់ ឈ្មោះ​ កាន់​ សៅលី​ ម្ចាស់​កាំភ្លើង​ឡុក​ អ្នកបាញ់ ឈ្មោះ​ ដន​ សុខុម​ អ្នកបាញ់​ ឈ្មោះ​ ម៉ាន់​ ប៉ុណ្ណារ៉ា​ អ្នកបាញ់​​ ឈ្មោះ​ ម៉ាន់​ ប៊ុនណ្ណារែក​ អ្នកបាញ់​ ឈ្មោះ​ នី​ សុភាក់​ អ្នកបាញ់​ និង​ឈ្មោះ​ ព្រីង​ ឡង់ឌី​ អ្នកបាញ់​ ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ថ្មីៗនេះ បញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ លោក កង ភារី បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាក Lock ធ្វើសកម្មភាពឈរបាញ់បោះ​សេរីចំនួន ៣គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូងចំណុចមាត់ស្រះទឹក ។
លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨.៣០នាទី លោក កង ភារី បាននាំកូនចៅផឹកស៊ី​ស្រវឹង អួតអាង ហើយបានយកកាំភ្លើងមកឈរបាញ់បោះបន្ថែមទៀត ។
ប្រជាពលរដ្ឋ បានរិះគន់បញ្ហានេះថា ខ្លួនជាសមត្ថកិច្ច គប្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ មិនគួរណា ផឹកស៊ីស្រវឹង អាងបាញ់បោះសេរី បំភ័យដល់ប្រជាពលរដ្ឋបែបនេះសោះ ។
ទន្ទឹមនេះ ប្រជាពលរដ្ឋ ក៏បានគាំទ្រចំណាត់ការរបស់ថ្នាក់លើផងដែរ ដែលបានចាត់វិធានការភ្លាមៗ ចំពោះ​លោក កង ភារី ជាសមត្ថកិច្ច ជាអ្នកការពារសន្តិសុខសុវត្ថិភាព និងជាគំរូដល់ប្រជាពលរដ្ឋ តែបាញ់​បោះ​សេរីជិត ២០គ្រាប់ ដែលធ្វើសកម្មភាពប្រឆាំង នឹងផ្គើនការដឹកនាំ និងអនុសាសន៍ដ៏ថ្លៃថ្លារបស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន​ ដែលបានរៀបចំនឹងចាត់ចែងដាក់ឲ្យប្រើប្រាស់នូវ ៩ចំណុច ដើម្បីឲ្យភូមិឃុំ​មាន​សុវត្តិភាព
អត្ថបទដែលជាប់ទាក់ទង