សភាពការណ៍ទេសចរណ៍ខេត្តកំពត ភ្ញៀវទេសចរណ៍សរុបចំនួន ៣២ ៧៩១នាក់ ត្រឹមថ្ងៃទី២១

ខេត្តកំពត៖ សភាពការណ៍ទេសចរណ៍ខេត្តកំពត ភ្ញៀវទេសចរណ៍សរុបចំនួន ៣២ ៧៩១នាក់ ក្នុងនោះ
ភ្ញៀវទេសចរក្នុងស្រុកចំនួន ៣២ ៥៨២នាក់ ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ២០៩នាក់ ។
សរុបរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានចំនួន ១៨០ ៧៥៤នាក់ ក្នុងនោះ ទេសចរក្នុងស្រុក ១៨០ ០៧៥នាក់ ទេសចរអន្តរជាតិ ៦៧៩នាក់ ។
ក្រុមការងារមន្ទីរទេសចរណ៏ចំនួន ៤ក្រុម បានបន្តចុះតាមគោលដៅ និងសេវាកម្មទេសចរណ៏ ដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ ការគ្រប់គ្រងតម្លៃ សណ្តាប់ធ្នាប់ និងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងទេសចរណ៍ និង ក្រសួងសុខាភិបាល ដែលបានសហការជាមួយសមត្ថកិច្ចនានាក្នុងការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព ការពាក់អាវពោងសុវត្ថិភាព និងការផ្ទុកចំនួនមនុស្សលើទូកកំសាន្ត ។
ពិនិត្យជារួមតាមរមណីយដ្ឋាន សហគមន៍ និងសេវាកម្មនានាបានចូលរួមការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងការបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយភាគច្រើនមានឧបករណ៍ស្ទង់កំដៅ កន្លែងលាងដៃដោយសាប៊ូ ឬអាល់កុល ជែល បុគ្គលិកពាក់ម៉ាស់។
សភាពការណ៍ទូទៅតាមគោលដៅ និងសេវាកម្មទេសចរណ៍បានដំណើរការទៅដោយពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សំគាល់ឡើយ ។
ចំពោះបញ្ហាប្រឈម ប្រជាជនជាភ្ញៀវទេសចរភាគច្រើនមិនសូវពាក់ម៉ាស់ ការអនុវត្តគំលាតសង្គមសុវត្ថិភាពពុំទាន់អនុវត្តបានល្អ៕ ប្រភព មន្ទីរព័ត៌មានខេត្តកំពត






