អភិបាលខេត្តកណ្ដាលចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្ដាល

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋចំនួន ៣ឃុំ គឺ ឃុំវិហារសួគ៍ ឃុំសន្លុង និងឃុំព្រែកតាមាក់ សរុប ជាង ៦០០នាក់ ក្នុងស្រុកខ្សាច់កណ្ដាល ត្រូវបានឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកឧកញ៉ា ស្រី ចាន់ថន បានជួបសំណេះសំណាល ចែកអំណោយនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅតំបន់អភិវឌ្ឍន៍វិហារសួគ៌ 7NG ដោយមានការ អញ្ជើញចូលរួមឯកឧត្ដមអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរស្រុក។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច គ្រប់កាលៈទេសៈ។
ឯកឧត្ដមបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាយើងទាំងមូល មានសន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលប្រទេសយើងមិនធ្លាប់មានអស់រយៈពេលជាង ៥០០ឆ្នាំមកហើយ។ កត្តាសុខសន្តិភាពនេះហើយ បានធ្វើឲ្យខេត្តកណ្ដាល ក៏ដូចជាប្រទេសកម្ពុជាទាំងមូល មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ។
ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបំរើប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ដោយប្រែក្លាយពីចៅហ្វាយនាយ ទៅជាអ្នកផ្ដល់សេវា។ ពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព លុបបំបាត់ឲ្យបាន ចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន។
ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួម អនុវត្តឲ្យបាននូវ វិធានការរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩។
បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងទស្សនាការសម្តែងវិជ្ជាក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ រួចមក ឯកឧត្តមអភិបាលខេត្ត និងគណៈធិបតី បានអញ្ជើញចែកអំណោយជាសម្ភារៈ និងថវិកា ក្នុងនោះ ឯកឧត្តម បានឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលចូលរួមកម្មវិធី ក្នុងម្នាក់ សារុង១ ថវិកា ៤មុឺនរៀល ហើយក៏បានបំពេញទស្សនកិច្ច នៅសួនកំសាន្តស្កាយលែន 7NG ផងដែរ ៕




























