ជំងឺគ្រុនឈាម ជាប្រភេទជំងឺដែលទូទៅតែងតែកើតមាននៅលើកុមារ តែក៏មានកើតមាននៅលើមនុស្សធំពេញវ័យផងដែរ

សុខភាព៖ វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ជំងឺគ្រុនឈាមជាប្រភេទជំងឺដែលទូទៅតែងតែកើតមាននៅលើកុមារ តែក៏មានករណីជំងឺនេះ កើតមាននៅលើមនុស្សពេញវ័យដូចគ្នា តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គេសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថា រដូវភ្លៀង វាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។

រោគសញ្ញា នៃជំងឺគ្រុនឈាម៖
– ក្តៅខ្លួនខ្លាំង
– ឈឺក្បាល
– ឈឺសន្លាក់ដៃជើង និងសាច់ដុំ
– ស្នាមអុចក្រហមលើស្បែក
– អាចមានជាអាការៈចុកនៅក្នុងពោះ ក្អួតចង្អោរ

ការវិវត្តន៍នៃជំងឺ និងផលវិបាកនៃជំងឺគ្រុនឈាម៖
– ជាទូទៅរយៈពេលពី ៣ ទៅ ៤ថ្ងៃ បន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗ ដូចជាការហូរឈាមនៅក្នុងភ្នែក ហូរឈាមតាមច្រមុះ និងមានស្នាមជាំនៅលើស្បែក ហើយអាការៈនេះនឹងជាទៅវិញនៅចន្លោះ ១០ ទៅ ១៤ថ្ងៃ ឬអាចយូរជាងនេះ
– ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពីការហូរឈាមតាមសរីរាង្គនានា(ប្រព័ន្ធរំលាយអាហារ ស្បែក និងក្នុងខួរក្បាល) ហើយដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

ការកំណត់រោគវិនិច្ឆ័យនៃជំងឺគ្រុនឈាម៖
– ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះ អាចត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាម នេះនៅក្នុងឈាមអ្នកជំងឺ (PCR) ឬដោយការកំណត់រកពពួក អង់ទីហ្សែន (NS1) និងពពួកអង់ទីករ (IgM, IgG) របស់មេរោគនេះនៅក្នុងឈាមអ្នកជំងឺ។
– ក្នុងករណីដែលអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ (ហើយដែលជាពិសេសអាការៈនោះកើតមានឡើងក្នុងរដូវភ្លៀង) គួរអញ្ជើញទៅពិគ្រោះជាមួយ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរដ្ឋនានា ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ ឲ្យបានឆាប់រហ័សដើម្បីទទួលបាននូវការព្យាបាលដែលសមស្របមួយ។
ការព្យាបាល ជំងឺគ្រុនឈាម៖
មកទល់ពេលបច្ចុប្បន្ននេះ នៅមិនទាន់មានការព្យាបាលចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំឲ្យវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។ ការប្រើប្រាស់ថ្នាំប្រភេទ Aspirine ដើម្បីបញ្ចុះកំដៅ ត្រូវបានហាមឃាត់ព្រោះអាចបណ្តាលឲ្យមានការហូរឈាមខ្លាំងក្នុងករណីអ្នកជំងឺមានផ្ទុកមេរោគគ្រុនឈាម។

វិធីបង្ការ ជំងឺគ្រុនឈាម៖
យើងអាចការពារពីការឆ្លងជំងឺនេះដោយ លុបបំបាត់ជម្រកមូសខ្លា និង ការពារកុំឲ្យមូសខាំ៕by SN-ពុទ្ធិរៈ
