លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩

ខេត្តក្រចេះ៖ ព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ។
ក្នុងគោលបំណងនៃការប្រើលិខិតអញ្ជើញនេះគឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ដែលបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទចាស់ឬលិខិតបញ្ជាក់អត្តសញ្ញាណបំរើឲ្យការចុះឈ្មោះបោះឆ្នោត ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យ ក្នុងបញ្ជីឈ្មោះបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ហើយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ដែលបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនិងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវ ត្រូវស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២០៕









