ស្ពានដែកដែលកសាងពីសម័យបារាំងដែលបានមានអាយុកាលជិត៩០ឆ្នាំ ត្រូវបានលាបថ្នាំលំអរទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់
ខេត្តបន្ទាយមានជ័យ៖ ស្ពានដែកដែលកសាងពីសម័យបារាំងដែលបានមានអាយុកាលជិត៩០ឆ្នាំ ត្រូវបានលាបថ្នាំលំអរទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា ស្ពានដែកដែលត្រូវបានកសាងពីសម័យបារាំងដែលមានអាយុកាលជិត៩០ឆ្នាំនេះ ក្រោយពេលដែលឈ្មួញកាយដីចំណីមាត់ស្ទឹងទឹកថ្លា ដែលគ្មានច្បាប់ខាងលិចជាប់ស្ពានហើយកាយដល់សសរជើងស្ពានត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានវិធានការឲ្យឈ្មួញកាយដីលុបនិងកិនបង្ហាប់ឲ្យបានដូចដើមវិញ។
លោកបានបញ្ជាក់ថា ជាណែនាំពីលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ភរិយាឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ហើយមន្ត្រីរាជការ និងកងកម្លាំងបាននាំគ្នាំយកថ្នាំពណ៌ទៅលាបជាប្រភេទថ្នាំពណ៌ច្រេះឬពណ៌ឈាមជ្រូក ដើម្បីលំអស្ពានដែកដែលកសាងពីសម័យបារាំងដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។
លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា ស្ពានដែកនេះត្រូវបានកសាងនិងជាកេរ្តិ៍តាំងពីសម័យអាណានិគមនិយមបារាំងនៅឆ្នាំ១៩៣១ ដែលជាដែកប្រភេទ (UVHL)ឆ្លងស្ទឹងទឹកថ្លា តាមបណ្តោយផ្លូវជាតិលេខ៥ តភ្ជាប់ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា ក្រោយដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានងភិវឌ្ឍន៍កសាងផ្លូវជាតិលេខ៥ និងកសាងស្ពានមេតុងថ្មី ហើយ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានស្នើសុំទុកស្ពានដែកដែលកសាងពីសម័យបារាំងដែលមានអាយុកាលរហូតពេលនេះ៨៩ឆ្នាំហើយ ដើម្បីរក្សាទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ហើយស្ពានដែកនេះ ជាអនុស្សារីយ៍ ដែលឯកឧត្តម កែ គឹមយ៉ាន ធ្លាប់នៅការពារស្ពានដែកនេះនាសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជាផងដែរ ៕