អាជ្ញាធរស្រុកកោះក្រឡ បានហៅតៃកុងឡានដឹកដីមកអប់រំជាលេីកទី២
ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង១០និង០០នាទី នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ លោក ផល សារី មេឃុំធិបតី ដឹកនាំនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំគាស់ក្រឡ បានចុះឃាត់និងអប់រំ ក្រុមតៃកុងឡាន ដឹកថ្ម ដឹកដីឈ្មោះ ណិប ម៉េងគ្រុប ជាលើកទី២ ក្រោយមានហេតុការណ៍ បើកបរធ្វេសប្រហែស បណ្តាលឲ្យដុំថ្មធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់ បង្ករការភ័យខ្លាច ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវជាតិ។
សូមបញ្ជាក់ថា ហេតុការធ្លាក់រាយប៉ាយ ដុំថ្មនេះ កើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវមួយកន្លែងឋិតក្នុងភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
បើយោងតាមរបាយណ៍ របស់លោក ផល សារី បានឲ្យដឹងថា រថយន្តដែលបានដឹកថ្មហើយបណ្តាលឲ្យធ្លាក់រាយប៉ាយកាលពីថ្ងៃទី២២នោះ គឺដោយសារ ដាច់គន្លឹះរបាំងផ្នែកខាងក្រោយនៃរថយន្ត ។ ក្នុងនោះលោក ផល សារី បានបន្ថែមថា នេះក៏ជាកំហុសរបស់តៃកុងរថយន្តផងដែរ ព្រោះមុននឹងឡើងបើកបររថយន្ត មិនបានត្រួតពិនិត្យឲ្យបានហ្មត់ចត់។
ដោយយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្នុងហេតុការណ៍នោះ ដុំថ្ម បានធ្លាក់ចំរថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរតាមក្រោយរថយន្តដឹកដី ដឹកថ្មនោះផងដែរ តែមិនបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរនោះទេ ហើយក៏មិនបង្កររបួសស្នាមដល់អ្នកបើកបរដែរ ។
ប្រជាពលរដ្ធបានលើកជាមតិថា នេះសំណាងហើយដែលដុំថ្មធ្លាក់ចំរថយន្ត បណ្តាលឲ្យខូចខាតតិចតួច ចុះបើធ្លាក់ចំក្បាលពលរដ្ឋ ដែលកំពុងជិះម៉ូតូ ជិះកង់ វិញនោះ ប្រហែលជាមិនរស់ទេមើលទៅ ។ ដូច្នេះអាជ្ញាធរ និងសមត្ថកិច្ច គួរតែយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការត្រួតពិនិត្យ ឲ្យបានជាប្រចាំ ចំពោះ សកម្មភាពតៃកុងឡានដឹកថ្ម និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមច្បាប់ដឹកជញ្ជូនផ្លូវគោកក្នុងប្រទេសកម្ពុជា។ ប្រសិនបើ ពួកគាត់នៅតែបំពាន មិនស្តាប់តាមការណែរបស់អាជ្ញាធរមានសមត្ថកិច្ច និងបំពានច្បាប់ចរាចរណ៍ផ្លូវគោកដដែលជាដដែលទេនោះ គួរតែអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងបំផុត ចំពោះបុគ្គលដែលបានប្រព្រឹត្តនោះ ដើម្បីអនុវត្តន៍ច្បាប់នោះ ឲ្យមានប្រសិទ្ធភាព និងជាការព្រមានដល់បុគ្គលមួយចំនួនទៀត កុំឲ្យយកគំរូតាម៕