ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដែលមានការចូលរួមពី ឯកឧត្តម ឈឹម កាន អភិបាលរងខេត្ត សមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត អយ្យការអមសាលាដំបូង ពន្ធនាគារខេត្ត វរការពារព្រំដែន សឹករងខេត្ត និងវរៈកាពារព្រំដែន ស្នងការដ្ឋាននគរបាលខេត្ត។
តាមរបាយការណ៍របស់ លោក ឧត្តមសេនីយ៍ឯក យី សិទ្ធិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ បានឲ្យដឹងថា នៅឆមាសទី១ ដើមឆ្នាំ២០២០ មន្រ្តីអនុវត្តច្បាប់គ្រឿងញៀនទូទាំងប្រទេសធ្វើការបង្ក្រាបបានលទ្ធផលសរុប៖ ៥៤៦៣ករណី ឃាត់ខ្លួន ១០ ៨៧៧នាក់(ស្រី ៦៨៧នាក់) ក្នុងនោះករណីជួញដូរ រក្សាទុក ៣៤៤៨ករណី ករណីប្រើប្រាស់ ១៩៧៩ករណី ដាំដុះ ៣៣ករណី កែច្នៃ ៣ករណី ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង និងជាអគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសាន៍ កោតសសើរ និងវាយតម្លៃខ្ពស់ដល់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបង្ការ បង្រា្កបបទល្មើសគ្រឿងញៀនទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ ពិសេសឈានដល់ការឃាត់ខ្លួន និងរឹបអូសគ្រឿងញៀនជាច្រើន៕ ដោយ ៖ ជឹម ទូច