ឯកឧត្ដម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា   

ភ្នំពេញ៖ ​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអនុញ្ញាតឲ្យឯកឧត្តម Poblo Kang ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រ្ដាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

​ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន​ បានសម្ដែងការស្វាគមន៍ និងបានជម្រាបជូនឯកឧត្តម Poblo Kang និងសហការីអំពីការងាររួមរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះមានការងារស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ការងារអភិវឌ្ឍន៍សហគមន៍ ការងារឥណទានជនបទ ការងារអភិវឌ្ឍន៍ជនជាតិភាគតិច និងការងារអភិវឌ្ឍន៍ធនធានមនុស្សជាដើម។ ឯកឧត្ដមបណ្ឌិតសភាចារ្យ​ មានប្រសាសន៍ថា៖ ក្រសួងអភិវឌ្ឍន៍ជនបទបានគ្រប់គ្រងផ្លូវជនបទប្រមាណ ៧៤% នៅទូទាំងប្រទេស ក្នុងនោះបានធ្វើការកែលម្អជាបណ្ដើរៗពីផ្លូវដីស ឲ្យទៅជាផ្លូវក្រាលក្រួសក្រហម ពីផ្លូវក្រួសក្រហមឲ្យទៅជាក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងទៅជាផ្លូវបេតុងចំពោះតំបន់ដែលលិចទឹក។ ទាក់ទិនទៅនិងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តថា៖ ក្រសួងអភិវឌ្ឍន៍ជនបទមានទិសដៅសំខាន់ៗចំនួន៣ គឺ ៖

-ទី១ នៅឆ្នាំ២០២៣ សម្រេចឲ្យបាន៩០% និងខេត្តចំនួន៥ ជាខេត្ត (ODF) គឺបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។

-ទី២ នៅឆ្នាំ២០២៥ នឹងសម្រេចឲ្យបាន១០ ខេត្តបន្ថែមទៀត និងទី៣ នៅឆ្នាំ២០៣០ សម្រេចឲ្យបាន ១០០% លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា។ ទិសដៅនេះគឺដោយសារតែក្រសួងមានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ​តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ខេត្តដែលបង្កលក្ខណៈងាយស្រួលក្នុងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។

ជាការឆ្លើយតបឯកឧត្តម Poblo Kang​ សម្ដែងនូវការគាំទ្រចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា ក្នុងនោះមានវិស័យកសិកម្ម និងធារាសាស្រ្ដជាដើម និងបានបញ្ជាក់ថា៖បច្ចុប្បន្នរដ្ឋាភិបាលអូស្រ្ដាលីបានផ្ដោតការងារសំខាន់ៗចំនួន៣ នៅកម្ពុជា ៖

-ទី១ វិស័យសុខាភិបាល បានផ្ដល់រថយន្ដសង្គ្រោះដល់មណ្ឌលសុខភាព និងផ្នែកមន្ទីរពិសោធន៍

-ទី២ ជួយលើកកម្ពស់ជនងាយរងគ្រោះកំណត់អត្តសញ្ញាណគ្រួសារក្រីក្រផ្ដល់សាច់ប្រាក់ រួមទាំងជនជាតិដើមភាគតិចជាដើមដោយសហការជាមួយក្រសួងផែនការ និង

-ទី៣ ស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវី ១៩។

ក្រៅពីនេះរដ្ឋាភិបាលអូស្រ្ដាលីបានជួយផ្នែកទឹកស្អាត និងការដោះម៉ីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តទៀតថា៖​រដ្ឋាភិបាលអូស្រ្ដាលីកំពុងរៀបចំកម្មវិធីដែលមានរយៈពេល ៦ឆ្នាំ សម្រាប់ជួយអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្ដាលីដែលបានជួយដល់កម្ពុជាតាមរយៈគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ សម្របសម្រួល និងគ្រប់គ្រង ព្រមទាំងបានស្នើសុំឲ្យអូស្រ្ដាលីជួយផ្នែកអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការផ្ដល់អាហារូបករណ៍ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង