សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក បានត្រូវអនុញ្ញាតឱ្យផ្តល់នូវទស្សនទាន ដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបរិបទបច្ចុប្បន្នភាពសង្គម ដោយផ្អែកលើការរកឃើញតម្រុយ និងភស្តុតាងនានា តាមរយៈបេសកកម្មការងារបន្ថែមជាមួយនឹងការប្រឈមនឹងជំងឺកូវីដ-១៩ ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យប្រតិភូគណបក្ស នយោបាយ នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចូលរួមជាមតិយោបល់ជុំវិញបញ្ហាកូវីដ–១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការ ឆ្លើយតប រួមទាំងបញ្ហាផ្សេងៗ ដែលជាដំណោះស្រាយលើបញ្ហាសេដ្ឋកិច្ច-សង្គម។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បញ្ហាជំងឺកូវីដ-១៩ មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ វាជាបញ្ហារួមរបស់សកលលោក។ សម្តេចតេជោ បានមានប្រសាន៍បញ្ជាក់ប្រាប់ទៅប្រតិភូបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ ថាសម្តេចចង់ឱ្យតំណាងប្រតិភូគណបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចូលរួមផ្ដល់នូវមតិទៅលើបញ្ហាការដោះស្រាយរបស់រាជរដ្ឋាភិបាល ទៅលើបញ្ហាកូវីដ-១៩នេះ ថាតើ បានដោះស្រាយសមស្រប ឬនៅ តើនៅមានអ្វីទៀតជាចន្លោះប្រហោង។

កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះ បានផ្តល់ឱកាសឲ្យប្រធានប្រតិភូគណ បក្សនីមួយៗ ម្នាក់ៗបានចូលរួមទស្សនៈទាន១០នាទី នៃការផ្តល់ធាតុចូល ក្នុងន័យស្ថាបនា អំពីបរិបទ បច្ចុប្បន្នភាពសង្គម ផ្អែកលើការរកឃើញតម្រុយ ឬភស្តុតាង តាមរយៈបេសកកម្មការងារបន្ថែម ជាមួយ នឹងការប្រឈមនឹងកូវីដ-១៩។

ទាក់ទងទៅនឹងបញ្ហាព្រំដែន នៅក្នុកិច្ចប្រជុំនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអោយ ឯកឧត្តម វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំទៅកាន់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី អោយបើកសិក្ខាសាលាមួយដើម្បីឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែន ។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕ អរគុណសន្តិភាព



