ចូលរៀនវិញហើយ ! វិទ្យាល័យបាក់ទូក ត្រូវបានជ្រើសរើសជាសាលារៀនដំបូង ដែលត្រូវបើកបង្រៀន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំ ស្ដីពី លទ្ធភាពក្នុងការរៀបចំបើកសាលារៀនសាធារណៈឡើងវិញ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ក្រោមអធិបតីភាព លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធាននាយកដ្ឋានជំនាញ គណៈគ្រប់គ្រង និងគ្រូបង្រៀនមុខវិជ្ជាឯកទេសផងដែរ កិច្ចប្រជុំនេះ បានធ្វើឡើងនៅវិទ្យាល័យបាក់ទូក នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ។
វិទ្យាល័យបាក់ទូក ត្រូវបានជ្រើសរើសជាសាលារៀនដំបូងដែលត្រូវបើកឡើងវិញ ដោយសារមានចំនួនសិស្សថ្នាក់ទី១២ ច្រើនជាងគេទូទាំងប្រទេស លទ្ធភាពនៃការបើកសាលារៀនឡើងវិញ បានសិក្សាទៅលើការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់ និងការសិក្សាពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា ហើយមានចំនួនសិស្សចន្លោះពី១៥ ទៅ ២០នាក់ក្នុងមួយថ្នាក់ ការរៀបចំកាលវិភាគសិក្សា ការសិក្សាលើធនធានដែលវិទ្យាល័យមានស្រាប់ដូចជា បន្ទប់សិក្សា ចំនួនគ្រូបង្រៀន និងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដោយការប្រើប្រាស់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ និងអាចទាញយកផលប្រយោជន៍សម្រាប់ពេលអនាគត ដោយបន្តនិរន្តរភាពបច្ចេកវិទ្យាផងដែរ៕
អត្ថបទដែលជាប់ទាក់ទង