លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ ១០០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២

កជំទាវកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភវិឌ្ឍន៍ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសារ ដែលមកពី៩ភូមិ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍លើកឡើងថា៖ ដោយមើលឃើញ ពីទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋក្រីក្រ ទាំង១០០គ្រួសារ លោកជំទាវកិត្តិសង្គហបណ្ឌិត រួមជាមួយនឹងលោកជំទាវ ជា ស៊ីណា ឃួងស្រេង លោកជំទាវឧកញ៉ា ឯកឧត្តម លោកជំទាវ ក៏បានរៀបចំឲ្យពិធីសំណេះ​សំណាលក្នុងថ្ងៃនេះ ។

លោកជំទាវបានបន្ដទៀតថា៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ។ ទន្ទឹមនឹងការរីកចម្រើន សម្តេចក៏បានយកចិត្តទុក្ខដាក់លើប្រជាពលរដ្ឋកម្ពុជា និងស្ត្រីគ្រប់រូប ដោយមិនប្រកាន់​​និន្នាការនយោបាយអ្វីឡើយ។ រាជរដ្ឋាភិបាល ក៏បានបន្តជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ​ជាតិគាំពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គមឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា។

លោកជំទាវក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវ៖

១. គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាត សង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ ។

២. អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យមើលឲ្យបានហ្មត់ចត់ក្នុងការកំណត់អត្តសញ្ញាណគ្រួសារ ក្រ១ និងក្រ២ ដើម្បីបានទទួលការឧបត្ថម្ភពី រាជរដ្ឋាភិបាលក្នុងដំណាក់កាលកូវីដ១៩ ។

អំណោយសប្បុរសធម៌ ដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ ១០០គ្រួសារ រួមមាន ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ អង្ករ ១៥គីឡូក្រាម មី ១កេស នំប៉័ង ២ដើម ភួយ ១ ម៉ាសចំនួន១០ និងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង