ឥណ្ឌាមិនខ្លាចនឹធ្វើសង្រ្គាមជាមួយយក្សចិន បើចរចាមិនមិនបានសម្រេច
បរទេស៖ ជម្លោះព្រំដែន រវាងឥណ្ឌា និងចិន រហូតឈានដល់ការវាយប្រហារគ្នា បណ្ដាលឲ្យកងទ័ពប្រទេសគូជម្លោះនេះស្លាប់ទាំងសងខាង ទើបប្រទេសទាំង២ បើកផ្លូវចរចាគ្នាវិញ ។ ស្របពេលជាមួយគ្នានេះដែរ មេបញ្ជាកងទ័ពឥណ្ឌា បានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធ្វើសង្រ្គាម ប្រឆាំងនឹងការឈ្លានពានរបស់ចិន បើការចរចាមិនត្រូវគ្នា។
ក្រោយពីមានជម្លោះតាមព្រំដែនជាមួយចិន រហូតឈានដល់ការវាយប្រហារគ្នាមានកងទ័ពស្លាប់ ឥណ្ឌាស្ថាបនាឡើងនូវមហាវិថីធំៗសម្រាប់ប្រើប្រាស់ ក្នុងពេលមានសង្រ្គាមផ្ទុះឡើង។ ឥណ្ឌាបានយល់ច្បាស់ណាស់ថា នៅពេលមានសង្រ្គាមផ្ទុះឡើង អាកាសយានដ្ឋានទាំងអស់អាចនឹងត្រូវរងការវាយប្រហារឬ ត្រូវកម្ទេចចោលពីបច្ចាមិត្ត ហើយយន្ដហោះចម្បាំងទាំងអស់ មិនអាចចុះចត នៅក្នុងអាកាសយានដ្ឋានបានទេ ដូច្នេះយន្ដហោះទាំងនោះ អាចនឹងចុះចត ឬប្រើប្រាស់ផ្លូវជាតិជំនួសវិញ។
ក្រៅពីនេះទៀត ឥណ្ឌាបានធ្វើផ្លូវទៅកាន់តំបន់ជម្លោះ ងាយស្រួលដល់កងទ័ពចល័ត និងធ្វើសកម្មភាពការពារប្រទេស ហើយរដ្ឋាភិបាលឥណ្ឌា កំពុងស្វះស្វែងទិញយន្ដហោះចម្បាំងទំនើបៗ និងគ្រឿងសឹក មកពីប្រទេសលោកខាងលិច រួមមាន អាមេរិក និងបារាំង និងរុស្ស៊ីជាដើម ។
លោកឧត្ដមសេនីយ៍ Bipin Rawat នាយកអគ្គសេនាធិការកងទ័ពឥណ្ឌា បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើការចរចា និងជម្រើសការទូត មិនទទួលបានលទ្ធផល ដូចការចង់បាន ជុំវិញបន្ទាត់ព្រំដែន មានប្រវែង ៤ ០៤៧គីឡូម៉ែត្រ (LAC) នោះទេ ជម្រើសមានតែមួយគត់ គឺការប្រើប្រាស់កម្លាំងយោធា។ ពេលនេះ កងទ័ពឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើសកម្មភាពយោធាភ្លាមៗ ដើម្បីឆ្លើយតបប្រឆាំងនឹងការឈ្លានពានជាថ្មីណាមួយ អំពីសំណាក់កងទ័ពចិន នៅក្នុងតំបន់ជម្លោះព្រំដែន Ladakh។
ដោយឡែកសារព័ត៌មាន Hindustan Times បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា គ្រោងនឹងបើកការចរចា កម្រិតយោធាបន្ថែម ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយចិន ទោះជាយ៉ាងណា ការចរចានោះ មិនទាន់បញ្ជាក់ថា នឹងត្រូវធ្វើឡើងនៅពេលណានោះទេ។
គូរបញ្ជាក់ថា ប្រទេសមហាអំណាច ដែលមានប្រជាពលរដ្ឋច្រើនជាងគេ នៅលើពិភពលោក លំដាប់លេខ ១ និងលេខ២នេះ មានព្រំដែនជម្លោះនឹងគ្នា ប្រវែង ៤ ០៥៧ គីឡូម៉ែត្រ (LAC) ។ ប្រទេសទាំង២នេះ មានជម្លោះរឿងព្រំដែន រហូតមានការវាយប្រហារគ្នា បណ្ដាលឲ្យកងទ័ពឥណ្ឌាស្លាប់២០នាក់ និងចិនស្លាប់៤៣នាក់ ទៀតផង៕ by KBN