សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហាញមោទនភាពថា សម្តេចតេជោ អាចទម្លុះការលំបាកស្ទើរទាំងស្រុង លើការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញមោទនភាពថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជាអាចទម្លុះនូវការលំបាក និងស្ទើរតែបញ្ចប់ទាំងស្រុងក្នុងការបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា-វៀតណាម។
ការបង្ហាញមោទនភាពបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលស្គាល់ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ដែលសម្រេចបាន ៨៤ភាគរយ និងរៀបចំប្រគល់-ទទួលផែនទី ឋានលេខាព្រំដែនគោក ខ្នាត១/២៥០០០ មកប្រើប្រាស់ដូចគ្នាជាមួយភាគីវៀតណាម។

ក្នុងពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ នៅវិមានសន្តិភាពនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបង្ហាញមោទនភាពយ៉ាងដូច្នេះថា៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានមោទនភាព ដែលយើងអាចទម្លុះនូវការលំបាក និងស្ទើរតែបញ្ចប់ទាំងស្រុង ការធ្វើព្រំដែនគោករវាងកម្ពុជា និងវៀតណាម។


ពាក់ព័ន្ធនឹងសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងវៀតណាម សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសសើរ និងវាយតម្លៃខ្ពស់ដោយស្មោះចំពោះវីរភាព ការពុះពារ តស៊ូ ប្តូរផ្តាច់ និងលះបង់របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក្រុមការងារបច្ចេកទេសព្រំដែន ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីនៅជាប់ព្រំដែនគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ ដែលខិតខំបំពេញការងារជាប្រវត្តិសាស្ត្រនេះដោយជោគជ័យ។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សមិទ្ធផលនេះ បានអនុញ្ញាតឱ្យកម្ពុជា បានកសាងនូវព្រំដែនសុខសន្តិភាព ព្រំដែនស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិទាំងមូល ដែលយើងទាំងអស់គ្នាសូមសម្តែងនូវការដឹងគុណ និងសូមអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាពពេញលេញ ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចផុតពីការកាប់សម្លាប់យ៉ាងព្រៃផ្សៃពីសំណាក់ក្រុមអាវខ្មៅ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ឱ្យរស់រានមានជីវិត មានសិទ្ធិសេរីភាពពេញទីក្នុងការដើរហើរ ប្រកបអាជីព និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បង្កើតអង្គការ សមាគមនានាជាដើម។

រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវឆន្ទៈស្នេហាជាតិ ស្មារតីនៃការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករេ ក្នុងការធានាការពារឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងបានចាត់វិធានការបន្ទាន់ និងចាំបាច់នានាក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពច្បាប់បច្ចេកទេស និងនយោបាយការទូត ដូច្នេះ ត្រូវបញ្ចៀស និងបញ្ចប់នូវការញុះញង់ដោយគ្មានការទទួលខុសត្រូវ និងមិនក្រែងរអែងលើការបំពានច្បាប់ សំដៅបង្កើតស្មារតីជាតិនិយមជ្រុល ធ្វើឱ្យមានការបែកបាក់ជាតិ និងបង្កើតភាពភ័ន្តច្រឡំ នៅក្នុងចំណោមសាធារណៈមតិជាតិ និងអន្តរជាតិ ដើម្បីកេងចំណេញខាងនយោបាយ ដោយមជ្ឈដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលជាប្រការអាចបង្កើតគ្រោះមហន្តរាយដ៏ធំធេង សម្រាប់សុខសន្តិភាពរវាងកម្ពុជា និងប្រទេសជិតខាងក្នុងតំបន់៕







































