រថយន្ត១គ្រឿង ដឹកអីវ៉ាន់ទៅឃុំអូរសោម ស្រាប់តែជួបឧប្បត្តិហេតុដាច់ផ្លូវ បណ្ដាលឲ្យរថយន្ដធ្លាក់ចូលទឹក
ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មានឧប្បត្តិហេតុករណីដាច់ផ្លូវ បណ្ដាលឲ្យរថយន្ដ១គ្រឿង មានការខូចខាតផុងចូលទៅក្នុងទឹក នៅត្រង់ចំណុចស្ពានឆេះ ចេញពីចំណុចអូរក្របីងាប់ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ចម្ងាយប្រហែល ២គីឡូម៉ែត្រមកអូរសោម។
យោងតាមរបាយកាណ៌របស់អាជ្ញាធរនៅទីនោះបានឲ្យដឹងថា ចំពោះហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត និងសម្ភារ:មួយចំនួនតែប៉ុណ្ណោះ។ ចំណែកមូលហេតុដែលបណ្ដាលឲ្យមានការដាច់ផ្លូវនេះមកពីមានភ្លៀងញឹកញាប់ ដូច្នេះក៏ឲ្យមានទឹកហូរច្រោះផ្លូវ ធ្វើឲ្យខូចខាតដាច់ផ្លូវតែម្ដង នេះបើយោងតាមសម្ដីរបស់អាជ្ញាធរ។
គួរបញ្ជាក់ថា ករណីខាងលើនេះប្រជាពលរដ្ឋក្នុងឃុំអូរសោម បានធ្វើការសំណូមពរទៅក្រុមហ៊ុន ដែលកំពុងស្ថាបនាផ្លូវ ចេញពីទីរួមស្រុកវាលវែង ទៅកាន់ឃុំអូរសោម មេត្តាពន្លឿនធ្វើផ្លូវនេះផង ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ក៏ដូចជាដឹកផលដំណាំ យកទៅលក់នៅលើទីផ្សារ ខណ:រាល់ថ្ងៃនេះ ក៏មានផ្លូវចេញចូលពីទីរួមខេត្តកោះកុង ទៅអូរសោមរាងស្រួលបន្តិចដែរ តែដោយសារពេលនេះ ជារដូវភ្លៀងធ្លាក់ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ។
អាស្រ័យហេតុដូចនេះ ពួកគាត់ស្នើរឲ្យអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់និងជួយជំរុញដល់ការធ្វើផ្លូវនេះព្រោះនៅឃុំអូរសោម ក៏ជាតំបន់មានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តផងដែរ ៕ by KBN