សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចែល ទឹកអាល់កុល និងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ សូមកុំធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ខាងក្រោមនេះជាអត្ថន័យទាំងស្រុង ៖
«អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌ១ »
ថ្ងៃទី៣ ខែ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។
សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល និងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន៕»