ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយដល់លោក សុន ឆ័យ និងអតីតថ្នាក់ដឹកនាំអតីត CNRP ២រូបទៀត

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ផ្តល់នីតិសម្បទាធ្វើនយោបាយដល់ លោក សុន ឆ័យ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សនេះ២រូបទៀត គឺលោក តាវ គឹមឈន និងលោកវ៉ា សាម៉ុន ដែលជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតបក្សនេះ។
ព្រះរាជក្រឹត្យនេះ បានធ្វើឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក សុន ឆ័យ លោក តាវ គឹមឈន និងលោក វ៉ា សាម៉ុន បានសរសេរលិខិត ដាច់ដោយឡែកពីគ្នាជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំនីតិសម្បាទា ធ្វើនយោបាយឡើងវិញ បន្ទាប់ពីជាប់បម្រាមអស់រយៈពេលជិត ៣ឆ្នាំ។
តាមរយៈលិខិតនេះ លោក សុន ឆ័យ បានជម្រាបជូន សម្តេចក្រឡាហោម ស ខេង ថា «ខ្ញុំបាទ សុន ឆ័យ អតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ដែលកំពុងស្ថិត នៅក្នុងការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល ៥ឆ្នាំ តាមអំនាចសាលដីកាលេខ៣៤០ (ឆ) ករណីគណបក្សសង្រ្គោះជាតិជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល»។
លោកបានបញ្ជាក់បន្តថា «ដោយផ្អែកតាមមាត្រា៤៥ថ្មី (ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈ ឱ្យអ្នកដែលត្រូវហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ។ ដូចនេះ ខ្ញុំបាទសមស្នើសុំ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី មេតាពិនិត្យតាមនីតិវិធី ដើម្បីផ្តល់នីតិសម្បាទា ធ្វើនយោបាយឡើងវិញដល់រូបខ្ញុំ ដោយក្តីអនុគ្រោះ»។
លោក សុន ឆ័យ រួមទាំងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិសរុប ១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីកាត់ទោស រំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាច្រកតែមួយគត់ក្នុងការបើកផ្លូវឲ្យ អ្នកនយោបាយជាប់បម្រាមធ្វើនយោបាយដោយការសម្រេចរបស់តុលាការ ដើម្បីអាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះ ករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។
ដើម្បីបាននីតិសម្បទាឡើងវិញនោះ អ្នកនយោបាយដែលជាប់បម្រាមតុលាការក្នុងការធ្វើនយោបាយ ត្រូវស្នើលិខិតទៅក្រសួងមហាផ្ទៃ ហើយបន្ទាប់ពីពិនិត្យពិច័យ ក្រសួងមហាផ្ទៃនឹងដាក់ស្នើនាយករដ្ឋមន្រ្តី ដើម្បីពិចារណាធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាផ្តល់នីតិសម្បទានយោបាយឡើងវិញ។
កន្លងមកនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន ១២រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១. លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២. លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣. លោក ស៊ីម សុវណ្ណនី និងទី៤. លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ទី៥. លោក អ៊ូ ច័ន្ទរ័ត្ន ទី៦. លោកស្រី ទេព សុទ្ធី ទី៧. លោក កង គឹមហាក់ ទី៨. លោក ជីវ កត្តា និង ទី៩. លោក ច័ន្ទ សិលា ទី១០. លោក សុន ឆ័យ ទី១១. លោក តាវ គឹមឈន និងទី១២. លោក វ៉ា សាម៉ុន៕ by fn
អត្ថបទដែលជាប់ទាក់ទង