ឯកឧត្តម ទៀ សីហា និងលោកជំទាវ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ចូលរួមក្នុងពិធីកាន់បិណ្ឌទី៣ នៅវត្តរាជបូរណ៌

ខេត្តសៀមរាប៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរនេះ ឯកឧត្តម ទៀ សីហា និងលោកជំទាវ និងឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់វេនជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវេនទី៣ នៅវត្តរាជបូរណ៌ នាថ្ងៃសៅរិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងសង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
បុណ្យភ្ជំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ហើយពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែភទ្របទ រហូតដល់ ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ១៥រោជ ខែភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នានាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សា តាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ទៀ សីហា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងកុំភ្លេច ៣យ៉ាង៖
១.កុំភ្លេច ត្រៀមយក និងពាក់ម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)
ជាចុងក្រោយ ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខានផងដែរ៕ by Bong KO




















